ពិធីអបអរសាទរចំពោះជ័យលាភីដល់សិស្សពូកែ និងលើកទឹកចិត្តឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យកាន់តែល្អប្រសើរ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, July 30, 2020

ពិធីអបអរសាទរចំពោះជ័យលាភីដល់សិស្សពូកែ និងលើកទឹកចិត្តឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យកាន់តែល្អប្រសើរ

ខេត្តក្រចេះ៖ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់បេក្ខជនទទួលជ័យលាភីសិស្សពូកែទូទាំងខេត្ត ក្នុងឆ្នាំ ២០២០ លើមុខវិជ្ជាផ្នែកអក្សរសីល្ប៍ខ្មែរ -  គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ នៅសម័យប្រឡងថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២០ សរុប ៣០រូប ។

តាមការបញ្ជាក់ពីប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាំងពីឆ្នាំសិក្សា ១៩៩៦ មកម្ល៉េះដោយកាលនោះការប្រឡងនេះមានឈ្មោះថា “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រនិងគណិតវិទ្យាដើម្បីទទួលពានរង្វាន់សម្ដេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត”។ ហើយមកទល់ពេលនេះសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ខេត្តក្រចេះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសីល្ប៍ខ្មែរ-គណិតវិទ្យា និងរូបវិទ្យានៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ។

ជាលទ្ធផលទទួលបានចំនួន ៣០ រូប ដោយក្នុងនោះមាន ថ្នាក់ទី១២ ផ្នែកវិញ្ញាសាអក្សរសីល្ប៍ខ្មែរចំនួន៥រូប ជ័យលាភី១នាក់ស្រី ផ្នែកវិញ្ញាសារគណិតវិទ្យាមានចំនួន៥រូប ជ័យលាភី១នាក់ ស្រី ផ្នែកវិញ្ញាសាររូបវិទ្យា មាន៥រូប ជ័យលាភី១នាក់ស្រី ហើយសម្រាប់ថ្នាក់ទី៩ វិញ្ញាសារផ្នែកអក្សរសិល្ប៍ខ្មែរ មានចំនួន៥រូប ជ័យលាភី១នាក់ស្រី ផ្នែកវិញ្ញាសារគណិតវិទ្យា មាន៥នាក់ ទទួលបានជ័យលាភី១នាក់ប្រុស និងផ្នែកវិញ្ញាសាររូបវិទ្យា មាន៥នាក់ ទទួលបានជ័យលាភី១នាក់ស្រី ។

ក្នុងនោះដែរ ជ័យលាភីពីលេខ១ដល់លេខ៥ ទទួលបាន ៖ លេខ១ ថវិការ ៣២ម៉ឺនរៀល - លេខ២ ២៩ម៉ឺនរៀល -លេខ៣ ២៦ ម៉ឺនរៀល -លេខ៤ ២៤ម៉ឺនរៀល និងលេខ៥ ទទួលបានថវិការ ២២ ម៉ឺនរៀល ។

លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រួ-អ្នកគ្រួ អាណាព្យាបាល ព្រមទាំងក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលនាថ្ងៃនេះ ជាពិសេសក្មួយៗ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់ និងទទួលបានជ័យលាភី នេះគឺជាកិត្តិយសណាស់សម្រាប់ខេត្តក្រចេះ និងជាកិត្តិយសសម្រាប់ក្រុមគ្រួសារក្មួយៗផងដែរ ។

លោក បានមានប្រសាសន៍គាំទ្រដល់ក្មួយៗ សិស្សានុសិស្ស និងសូមបង្កើននូវសមត្ថភាព និងលទ្ធភាពបន្តទៀត ដើម្បីឲ្យដល់គោលដៅ នៃបំណងរបស់ក្មួយៗ ហើយត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមលើជំនាញមុខវិជ្ជាដែលកំពុងត្រៀម ទៅប្រកួតប្រជែងបន្តទៀត ហើយក៏សូមជម្រុញលើកទឹកចិត្ត ដល់សិស្សដែលមិនបានជាប់ជ័យលាភី សូមកុំឲ្យបាក់ទឹកចិត្ត បើក្មួយៗបន្តខំរៀនបន្ថែមទៀត ទោះមិនជាប់ជ័យលាភីសិស្សពូកែ ក៏ប្អូនៗក្មួយៗប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានដែរ និង អាចទទួលបាននិទ្ទេសល្អផងក៏មាន ។

កត្តាសំខាន់នោះ គឺរៀនជាប់ជានិច្ច ទាំងអ្នកជាប់ និង អ្នកមិនជាប់ជ័យលាភី មិនត្រូវបោះបង់ការសិក្សាឡើយ គឺត្រូវបន្តខិតខំកសាងខ្លួន ឲ្យក្លាយជាយុវជនជឿនលឿន ជាសរសស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិនិង ស្វែងរកកិត្តិយសថ្មីៗទៀតជូនជាតិមាតុភូមិ៕










No comments:

Post a Comment

Pages