ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, July 9, 2020

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣នេះ មានរបៀបវារៈចំនួន ៣ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ជាមួយនឹងរបៀបវារៈទាំងនេះ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តក៏បានលើកឡើងដោយផ្តោតទៅលើបញ្ហាការអនុវត្តច្បាប់ចរាចរណ៍ សភាពការកូវីដ-១៩ ការស្តារស្ទឹងសៀមរាប ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយព័ត៌មាន ការដឹកជញ្ជូនដី ខ្សាច់ ថ្ម។ ជាមួយនឹងការលើឡើងរបស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តនិងមន្ទីរ អង្គភាពពាក់ព័ន្ធក៏បានបានមានការបកស្រាយបំភ្លឺជូនអង្គប្រជុំផងដែរ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្តក៏បានជម្រាបដល់អង្គប្រជុំផងដែរ អំពីការអនុវត្ត ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តជាប្រចាំនូវការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះមន្ទីរ និងអ្នកពាក់ព័ន្ធក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មជូនគ្រួសារ ដោយត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវ និងដល់គ្រួសារក្រីក្រពិតប្រាកដ ដោយពុំឱ្យមានការចុះបញ្ជីជូនតែក្រុមគ្រួសាររបស់ខ្លួននោះទេ ធ្វើយ៉ាងឱ្យផលប្រយោជន៍នេះបានទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ម្យ៉ាងទៀត ចំពោះការរុនរានទន្ទ្រានយកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវធ្វើការទប់ស្កាត់ឱ្យខានតែបាន ដោយពុំអនុញ្ញាតឱ្យមានការកាប់ទន្ទ្រានវាតយកដីរដ្ឋនោះឡើយ មួយវិញទៀតមេឃុំ ចៅសង្កាត់ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការហត្ថលេខាលើការទិញ លក់ដីរបស់រដ្ឋផងដែរ។

ក្នុងនោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សូមធ្វើការគាំទ្រចំពោះវិធានការរបស់ឯកឧត្តម អភិបាលខេត្ត និងធ្វើយ៉ាងណាឱ្យមានការបញ្ឈប់ការទន្ទ្រាន និងទិញ លក់លើដីរបស់រដ្ឋជាបន្តទៀត។ ម្យ៉ាងវិញទៀត ចំពោះការចុះអត្តសញ្ញាណប្រជាជនក្រីក្រនេះ អាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាឱ្យល្អ ដើម្បីយើងធ្វើត្រូវគោលដៅដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានដាក់ចេញ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាក៏សូមធ្វើការកោតសរសើរផងដែរ ចំពោះឯកឧត្តម អភិបាលខេត្ត ក៏ដូចជាលោក អភិបាលក្រុង និងក្រុមការងារដែលបានធ្វើការសាងសង់ និងបើកផ្លូវក្នុងក្រុងសៀមរាប ដែលកត្តានេះបានធ្វើឱ្យខេត្តសៀមរាបយើងអាចបណ្តោះចរាចរណ៍កុំឱ្យមានការកកស្ទះនាពេលខាងមុខ៕







No comments:

Post a Comment

Pages