ខេត្តកំពត៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកំពង់ត្រាច និងមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកកំពង់ត្រាច និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណសាលាស្រុកកំពង់ត្រាច។
នៅក្នុងពិធីដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងដោយឡែក ស្រុកកំពង់ត្រាច តាមរយៈការប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល នឹងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងលទ្ធផលល្អប្រសើរ និងជោគជ័យនេះ ឯកឧត្តម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម គឺការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនេះ ដើម្បីផ្ដល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ ដល់ក្រុមប្រឹក្សា គណៈអភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤ វិស័យ ក្នុងនោះមានវិស័យជំនាញ ១០ ត្រូវបានប្រតិភូកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤ វិស័យ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការិយាល័យប្រជាពលរដ្ឋ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រីកតួនាទី ភារកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព នឹងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
Friday, July 24, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំពង់ត្រាច
ឯកឧត្តម ជាវ តាយ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំពង់ត្រាច
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496








No comments:
Post a Comment