ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះជំរុញដោះស្រាយសំណូមពរបញ្ហាផ្លូវ ស្ពាន ជូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, August 10, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះជំរុញដោះស្រាយសំណូមពរបញ្ហាផ្លូវ ស្ពាន ជូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ

ខេត្តកំពត៖ នៅសៀលថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយនឹងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះជួបប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានដើម្បីជំរុញការដោះស្រាយឆ្លើយតបជាបន្ទាន់នូវសំណូមពរ ពាក់ព័ន្ធស្ពាន និងផ្លូវ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃឃុំចំនួន២ គឺឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ជាលទ្ធផល នៃការដោះស្រាយ របស់ ឯកឧត្តម ជាវ តាយ​ អភិបាលខេត្ត ក្នុងនោះរួមមាន៖
ទី១-ស្ពានកំពុងសាងសង់នៅចំណុចមុខសាលាឃុំត្រពាំងព្រីង បានដាក់លូសម្រាប់កាប្រើប្រាស់ជាបណ្តោះអាសន្នក្នុងការធ្វើដំណើរយ៉ាងមមាញឹករបស់បងប្អូនប្រជាពលរដ្ឋក្នុងរដូវភ្លៀងដែលទឹកកំពុងហូរខ្លាំងឆ្លងកាត់ផ្លូវនេះ ។ ចំណុចស្ពាននេះស្ថិតនៅលើផ្លូវលេខ ១៣៩ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៣៣ ដែលមានប្រវែង១១គីឡូម៉ែត្រ ដែលកំពុងអនុវត្តសាងសង់ដោយក្រុមវិស្វកម្មនៃកងខេមរភូមិន្ទ។
ទី២-បានដោះស្រាយបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំផ្លូវមួយខ្សែក្នុងភូមិអង្គ ឃុំត្រពាំងព្រីងមានប្រវែង ១០០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។
ទី៣-បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រមាណចំនួន២០គ្រួសារ ស្នើសុំពង្រីកផ្លូវ ឲ្យមានទំហំទទឹង ២ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រចូលផ្ទះរបស់ពួកគាត់ ដែលបច្ចុប្បន្នផ្លូវនេះមានភាពតូចចង្អៀត ប៉ុន្តែពាក់ព័ន្ធនឹងការប៉ះពាល់ផ្ទះប្រជាពលរដ្ឋសងខាងផ្លូវចំនួន ៣គ្រួសារ ដែលមានការដោះស្រាយមិនទាន់ចេញលទ្ធផលអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ហើយក្នុងពេលនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យប្រជាពលរដ្ឋមានការយោគយល់សម្របសម្រួលគ្នា ហើយឯកឧត្តមអភិបាលខេត្ត បានសម្រេចពង្រីកនិងធ្វើផ្លូវនេះដោយចាក់ជាផ្លូវបេតុងជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈ។
ទី៤-បានដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ សំណូមពរជួយពង្រីកនិងចាក់គ្រួសក្រហម ផ្លូវចូលផ្ទះដើម្បីអាចឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយម៉ូតូ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល សំរាប់ទិញគ្រួសក្រហមចាក់លើផ្លូវនេះ។

ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខ​ និងរួមការដោះស្រាយបញ្ហាសំណូមពរក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំផ្ដាំផ្ញើនិងជំរុញដល់អាជ្ញាធរនិងជំនាញ លើការដោះស្រាយពាក់ព័ន្ធ ស្ពាននិងលូ តាមផ្លូវលេខ១៣៩ ខណៈផ្លូវនេះបាននិងកំពុងដំណើរការសាងសង់ដែល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងរមែងជួបបញ្ហាការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀង។ ឯកឧត្តម អភិបាលខេត្តបានឧត្តម្ភថវិកាដល់កំលាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារចំនួន២០នាក់ម្នាក់ៗថវិកា២០,០០០៛ សរុបថវិកា៤០០,០០០៛។




No comments:

Post a Comment

Pages