ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, August 29, 2020

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ

ខេត្តកោះកុង៖ នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃស្រុកគីរីសាគរ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នៅមូលដ្ឋាននានាជូនប្រជាជន សំដៅធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គម។

ដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក ចេង មុនីរិទ្ធ អភិបាលរងស្រុកមណ្ឌលសីមា ឱ្យទទួលមុខតំណែងជា អភិបាលស្រុកគិរីសាគរ និង លោក ទួន ឳទី នាយករងរដ្ឋបាលសាលាស្រុកគីរីសាគរ ឲ្យទទួលមុខតំណែងជា អភិបាលរងស្រុកគីរីសាគរ។ លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចអភិបាលរងស្រុកចំនួន០២រូប ឱ្យមកបំពេញការងារក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកគីរីសាគរ ជំនួស លោក ណឹម ភារម្យ លោកស្រី អ៊ុន មករា ដែលត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារនៅរដ្ឋបាលស្រុកផ្សេងវិញ។

ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ឃឹម ច័ន្ទឌី ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំគ្រប់គ្រង កសាង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកគីរីសាគរ ក្នុងមុខតំណែងជាអភិបាលស្រុកគីរីសាគរ នាពេលកន្លងមក ដែលបានធ្វើឲ្យស្រុកគីរីសាគរ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យនាពេលកន្លងមក។

ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាល លោក លោកស្រីអភិបាលរងស្រុក (បើពិនិត្យមើលសមាសភាពទៅគឺថ្មីសម្រាប់មូលដ្ឋាននេះ) ដូច្នេះត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍រដ្ឋបាលស្រុកគីរីសាគរ របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ក្នុងស្មារតីនេះ ខ្ញុំស្នើឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋទូទាំងស្រុកគីរីសាគរ សូមផ្តល់ការគាំទ្រដល់លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក ដែលកំពុងប្រកាសចូលកាន់មុខតំណែងនាពេលនេះ ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍស្រុកគីរីសាគរ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត៕








No comments:

Post a Comment

Pages