ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្វាយរៀង និងវិទ្យាល័យ ហ៊ុនសែន ចេក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ អ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ គំនូសសញ្ញាឈប់ទៅមុខនៅពេលភ្លើងសញ្ញាអាទិភាព ដែលប្រារព្ធធ្វើនៅទីតាំង៣កន្លែងរួមមាន៖ ចំណុចរង្វង់មូលផ្លូវហាយវ៉េ ភ្លើងស្តុបសួនតាឌី និងកែងផ្ទះសំណាក់សមាគមនារី។
ក្រុមការងារបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រោមប្រធានបទ ការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងផ្លាកសញ្ញាចរាចរណ៍ ការឆ្លើយសំណួរយករង្វាន់ មួកសុវត្ថិភាព អាវយឺតជាដើម។
មានមតិក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរ ដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ។ ល។ បញ្ហាទាំងនេះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបង្កើតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើពីក្រោយ គ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព។ ទន្ទឹមនេះ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើងសញ្ញាបត់ ។ល។
ឯកឧត្តមបានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតករសម្លាប់ជីវិតមនុស្សនៅលើដងផ្លូវសាធារណៈជាច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់អ្នកផ្សេងទៀតរងរបួសធ្ងន់ ស្រាល ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាយ៉ាងច្រើន។ ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននិងកំពុងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ក្នុងយុទ្ធនាការនេះសាខាបានចែកមួកសុវត្ថិភាពចំនួន ១១០មួក អាវយឺត ១៨០អាវ ខិតប័ណ្ណផ្សព្វផ្សាយ ៥០០សន្លឹក ដោយមានអ្នកចូលរួមផ្សព្វផ្សាយ និងឆ្លើយសំណួរ សរុប ២៩៣នាក់ ស្រី ៧២នាក់៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
Wednesday, August 12, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយអង្គភាពពាក់ព័ន្ធ ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍
រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយអង្គភាពពាក់ព័ន្ធ ចុះណែនាំអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍
Subscribe to:
Post Comments (Atom)
Author Details
អង្គភាពសារព័ត៌មាន SPN HOT NEWS
ទូរសព្ទ័លេខ៖ 0974733234-015964496






No comments:
Post a Comment