រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពង់ឆ្នាំង(២០២១-២០២៣)នៅស្រុកកំពង់ត្រឡាច - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 9, 2020

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពង់ឆ្នាំង(២០២១-២០២៣)នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់ត្រឡាច មានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)ស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការចូលរួម ពីថ្នាកដឹកនាំ ស្ថាប័នអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសលាស្រុក ការិយាល័យជំនាញជុំវិញស្រុក មេឃុំ និង អង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប។


មានមតិសំណេះសំណាលក្នុងឪកាសនោះឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត បានសំដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានចូលរួមពី សំណាក់ដៃគូអភិវឌ្ឍន៍មានមន្ទីរអង្គភាពជំនាញជុំវិញខេត្ដ គ្រឹះស្ថានឯកជននានា សមាគមនានា បានទៅចូលរួម ដើម្បីផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពរបស់ឃុំ នៅក្នុងខេត្ដកំពង់ឆ្នាំង និងរបស់ស្រុកកំពង់ត្រឡាច នេះឆ្លុះ បញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចជោគជ័យនូវការអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។


ឯកឧត្តម ក៏បញ្ជាក់បន្ថែមថា ការខិតខំប្រឹង ប្រែងរបស់យើងនេះ ធ្វើឱ្យមានអភិបាលកិច្ចល្អ ដែលជាអាទិភាពស្នូលក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលបានលើកឡើងក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ជាគោលដៅធ្វើឱ្យមានអភិបាល កិច្ចល្អមាននៅគ្រប់ថ្នាក់រដ្ឋបាល គ្រប់វិស័យការងារ និងពង្រឹងពង្រីកកិច្ចសហការរវាងវិស័យរដ្ឋបាលសាធារណៈ និងសង្គមស៊ីវិល ដោយឈរលើ គោលការណ៍អភិបាលកិច្ចល្អ និងនិតិរដ្ឋ។


ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ដោយបានខិតខំប្រឹងប្រែង សហការគ្នាយ៉ាងយកចិត្ដទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ដ ធានាបាននូវសន្ដិសុខនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រេចបានការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សំគាល់ ជីវភាពប្រជាជនកាន់តែប្រសើរឡើង។


ឆ្លៀតឱកាសនេះ ដើម្បីចូលរួមវិភាគទានសម្រាប់ឱ្យកិច្ចដំណើរការសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖  

១-មន្ទីរជំនាញ អង្គការនានា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងសិក្ខាសាលា សមាហរណកម្មផែនការសង្កាត់ ថ្នាក់ស្រុកឆ្នាំ២០១៩កន្លងទៅ សូមធ្វើការពិនិត្យលើគម្រោងណាមិនទាន់បានអនុវត្ដ គម្រោងណាបានអនុវត្ដរួច បង្កើនការសហការផ្ដល់ព័ត៌មានពីការអនុវត្ដដល់សង្កាត់។

២-មន្ទីរជំនាញដែលជាស្ថាប័នរបស់រដ្ឋឈានមុខក្នុងការផ្ដល់សេវារបស់ខ្លួនស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ។  

៣-សំណូមពរដល់អង្គការជាតិ អន្ដរជាតិ សមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យលើសកម្ម

ភាពជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រគម្រោងវិនិយោគរបស់ឃុំ នៅតាមទីតាំងគោលដៅអភិវឌ្ឍន៍របស់ខ្លួន។


បន្ថែមពីនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្ដល់អនុសាសន៍បន្ថែមថា ដោយផ្អែកលើកាលៈទេសៈនៃជម្ងឺកូវី១៩ ដែលកំពុងរីករាលដាលពេញពិភពលោក និងមិនទាន់មានវ៉ាក់សាំងច្បាស់លាស់នៅឡើយ ហើយជាមួយគ្នានេះ បើទោះបីជាកម្ពុជាយើងដែលមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលមានសម្ដេចតេជោជាប្រមុខ និងជាពិសេសនោះក្រសួងសុខាភិបាលដែលមានលទ្ធភាព សមត្ថភាពគ្រប់គ្រងបាននូវជម្ងឺកូវីដ១៩យ៉ាងក៏ដោយ ក៏យើងទាំងអស់គ្នាទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ វិស័យឯកជននានា ព្រមទាំងប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តតាមវិធានការផ្សេងៗតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីកុំមានការឆ្លងដល់សហគមន៍យើង។ 


ជាចុងក្រោយ ឯកឧត្តមហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវបន្ថែមទៀតឲ្យអាជ្ញាធរមានសមត្ថកិច្ច សូមបន្ដផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ឲ្យពួកគាត់ទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថាពេលវេលានៃការពិនិត្យ និងចុះឈ្មោះនោះក៏កៀកកិតដែរពោលគឺនៅសល់តែ១០ថ្ងៃទៀតតែប៉ុណ្ណោះ ក្នុងខែតុលានេះ៕







 

No comments:

Post a Comment

Pages