ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង ដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកអូរស្យាស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងចុះពិនិត្យនេះផងដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានជូនដំណឹងស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាស នៅបន្តធ្លាក់ភ្លៀងគ្រប់ដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ ។
ផ្អែកតាមស្ថានភាពដូចបានបញ្ជាក់ខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម និងខាងលើទ្វាទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើ ជាយថាហេតុ៕
No comments:
Post a Comment