អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ១០គ្រួសារ មកពីស្រុករលាប្អៀរ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, December 10, 2020

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជំងឺរ៉ាំរ៉ៃ១០គ្រួសារ មកពីស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលរួមមានថវិកា ស្បៀង និសម្ភារៈប្រើប្រាស់ ជូនដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃ១០គ្រួសារ មកពីស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកជំទាវប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខាផងដែរ។


លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថាៈដើម្បីចូលរួមក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃ និង ជួបការលំបាក ចំនួន១០គ្រួសារមកពី ស្រុករលាប្អៀរ ដែលសកម្មភាពនេះ សាខាតែងតែបានធ្វើជាប្រចាំរៀងរាល់ពេល នៅក្នុងទិវា១ធ្នូ គឺដើម្បីរំលឹកឡើងវិញទប់ស្កាត់និងការីករាលដាលនៃជំងឹអេដស៍ និង កុំឲ្យមានការរើសអើងដល់អ្នកជំងឺអេដស៍។ 


ឯកឧត្តម អម សុភាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា ស្របតាមប្រធានបទនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ «សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា »។ ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹង ជាពិសេសស្ត្រីមានផ្ទៃពោះគឺត្រូវទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនឱ្យបានដាច់ខាត។


ជាមួយគ្នានេះដែរ ចំពោះស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ យ៉ាងតិច ៤ដងមុនពេលសម្រាល និងត្រូវទៅសម្រាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិត។ ចំពោះស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព ពិគ្រោះជាមួយគ្រូពេទ្យជំនាញទទួលយកឱសថប្រឆាំងមេរោគអេដស៍ទៅប្រើប្រាស់ឱ្យបានទៀងទាត់ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ 


បន្ថែមពីនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺកំពុងតែរីករាលដាលជាសាកលនៅពាសពេញពិភពលោកក្នុងនោះប្រទេសកម្ពុជាយើងក៏បានឆ្លងចូលសហគមន៍ដែលហៅថាព្រឹត្តិការណ៍ ២៨វិច្ឆិកាដែលកត្តាទាំងនេះតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងសហការជមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ និងបង្ការកុំឲ្យមានការរីករាលដាលជាបន្ដទៀត។ 


សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ១០គ្រួសារនាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករអង្ករ២៥គីឡូក្រាម មី១កេស ត្រី១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ សាប៊ូ១ដុំ ជែលលាងដៃ២ដប ថវិការបស់សាខា៣ម៉ឺនរៀល និង លោកស្រី ឡុញ ពិសា បានឧបត្ថម្ភថវិកា១ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ៕






 

No comments:

Post a Comment

Pages