អ្នកភូមិប្រទះឃើញសពស្ត្រីម្នាក់ ទើរលើមែកឈើ ក្នុងព្រៃបង្កការភ្ញាក់ផ្អើល គេសង្ស័យថា អាចជាករណីឃាតកម្ម - SPN NEWS

ព័ត៌មានថ្មីៗ

Monday, January 4, 2021

អ្នកភូមិប្រទះឃើញសពស្ត្រីម្នាក់ ទើរលើមែកឈើ ក្នុងព្រៃបង្កការភ្ញាក់ផ្អើល គេសង្ស័យថា អាចជាករណីឃាតកម្ម

ព្រៃវែង:   អ្នកភូមិបានអះអាងថាស្ថានភាពសព ក្បាលបត់ចុះទៅក្រោម ជើងឡើងលើ រាងកាយមានរបួសបែកខ្ទេចផ្ទៃមុខ ចំណែកសម្លៀកបំពាក់រហែករញ៉េរញ៉ៃ ធ្វើអោយគេសង្ស័យថា អាចជាករណីឃាតកម្មផ្តាច់ជីវិតស្ត្រីរងគ្រោះរូបនេះ។

 អ្នកភូមិបានប្រទះឃើញសពស្ត្រីម្នាក់ ទើរលើមែកឈើក្នុងព្រៃកាលពី ថ្ងៃទី៤ខែមករាឆ្នាំ២០២១ នៅចំណុចក្នុងព្រៃមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សពស្ត្រីរងគ្រោះម្នាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យប្រមាណជា៣០ឆ្នាំ ស្លៀកសំពត់កៅស៊ូពណ៌ទឹកក្រូចមានផ្កា ពាក់អាវផ្កាពណ៌ទឹកក្រូច។

បន្ទាប់ពីមានការភ្ញាក់ផ្អើល រហូតមានអ្នកដំណើរ និងប្រជាពលរដ្ឋនៅក្បែទីតាំងនោះនាំគ្នាចោមរោមមើលយ៉ាងកកកុញនោះរួចមក សមត្ថកិច្ចស្រុកនិងខេត្តក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានហ៊ុំពទ្ធ័កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីរក្សាស្លាកស្នាមវត្ថុតាងនៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ។

ទោះបីជាយ៉ាងណា រហូតមកដល់ម៉ោង១១ព្រឹកថ្ងៃដដែល ក្រោយពីធ្វើការពិនិត្យជុំវិញកន្លែងកើតហេតុ និងសពរួចមក សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ស្ត្រីរងគ្រោះបាត់បង់ជីវិតដោយសារមូលហេតុអ្វី ហើយអត្តសញ្ញាណក៏មិនទាន់បានស្គាល់នៅឡើយ គឺបានត្រឹមតែបញ្ជាក់អោយដឹងថា នឹងយកស្នាមក្រយ៉ៅដៃរបស់សពស្ត្រីរងគ្រោះទៅស្គែនម៉ាស៊ីន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកំណត់អត្តសញ្ញាណ។ ប៉ុន្តែត្រង់ថា ការបាត់បង់ជីវិតនេះគឺជាករណីអ្វីនោះ គឺនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

 ចំពោះករណីនេះ ខាងមន្ត្រីជំនាញរបស់លោក ក៏ដូចជាខាងក្រុមគ្រូពេទ្យ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាជាករណីអ្វីអោយពិតប្រាកដ ដោយលោកសុំពេលវេលាស្រាវជ្រាវបន្ថែមទៀត ពិសេសគឺត្រូវស្រាវជ្រាវរកសាច់ញាតិ និងក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះសិន ដើម្បីអោយដឹងថា នៅមុនពេលកើតហេតុ តើស្ត្រីរងគ្រោះមកពីណា ទៅណា ជាមួយអ្នកណា ហើយមានរឿងអ្វីគួរអោយសង្ស័យខ្លះ វាជាពន្លឺងាយស្រួលសម្រាប់បំបែកសំណុំរឿងនេះ៕



 

No comments:

Post a Comment

Pages