ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជេីញចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចនៅការដ្ឋានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដំណើរទស្សនៈកិច្ចនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង លោក/លោកស្រីអភិបាលស្រុកពាមជរ និងពាមរក៍ (ស្រុកជាប់ទន្លេមេគង្គ)ព្រមទាំងអធិការស្រុកទាំងពីរខាងលើនេះផងដែរ។
យោងតាមរបាយការណ៌សង្ខេបរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ ក្នុងពិធីចុះត្រួតពិនិត្យ និងសួរសុខទុក្ខដល់កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានអោយដឹងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រតិបត្តិការរុករកទទួល បានលទ្ធផលគួរជាទីមោទនៈ រួមមានដូចខាងក្រោម៖
១-រកឃេីញគ្រាប់មិនទាន់ផ្ទុះ ទំហំ60-105mm ចំនួន722 គ្រាប់
២-គ្រាប់ប្រភេទតូច (ប្រភេទកាំភ្លេីងដៃ និងកាំភ្លើងយន្ត)ចំនួន 54,925គ្រាប់ ។ សរុបរួមមាន 55,697គ្រាប់ ដែលត្រូវបានរុករកឃេីញនៅក្នុងឃ្លុបទី១ និងនៅ៣ឃ្លុបទៀត ដែលត្រូវយកចេញជាបន្តបន្ទាប់។
ក្នុងពិធីសំណេះសំណាលនេះដែរ សម្តេចក្រឡាហោមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារបោសសម្អាតមីនជាការងារមួយដែលរាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និង ប្រតិបត្តិការសកម្មភាពមីនជាតិ និងអន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីអោយប្រជាពលរដ្ឋយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ។
ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ ព្រមទាំងសហការី សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីជួយរួមចំណែកដឹកនាំ អភិវឌ្ឍ និងផ្តល់យន្តការដោះស្រាយបញ្ហា និងចែករំលែកធាតុចូលចាំបាច់ក្នុងការជំរុញការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលអោយកាន់តែមានប្រសិទ្ធិភាព និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ៕
No comments:
Post a Comment