នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបលោក ម៉ានី សាន់ឆេស នាយកគម្រោងបច្ចេកវិទ្យាសម្រាប់ទីក្រុងបៃតង និងជាតំណាងការិយាល័យពាណិជ្ជកម្ម ក្រុមហ៊ុន ឌីវេឡុបមិន អ៊ិនស្ទីធ្យូត អិលអិលស៊ី (I4DI) ដើម្បីពិភាក្សាការងារ និងរាយការណ៍អំពីការអនុវត្តគម្រោងបច្ចេកវិទ្យា សម្រាប់ទីក្រុងបៃតង នៅក្នុងខេត្តបាត់ដំបង។
គម្រោងបច្ចេកវិទ្យាសម្រាប់ទីក្រុងបៃតង (T4GC) ដែលជាជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលមានទិសដៅបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការលើកកំពស់ការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជន ។ គម្រោងបានធ្វើការជាមួយប្រជាពលរដ្ឋ វិស័យឯកជន ភ្នាក់ងារផ្តល់សេវាគ្រប់គ្រងសំរាមសំណល់រឹង និងអង្គការសង្គមស៊ីវិលក្នុង ក្រុង-ស្រុក គោលដៅចំនួន ១២ ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
គម្រោងបច្ចេកវិទ្យាសម្រាប់ទីក្រុងបៃតង (T4GC) ត្រូវបានអនុវត្តចាប់តាំងពីខែតុលា ឆ្នាំ ២០១៩ ក្នុងខេត្តគោលដៅដូចរៀបរាប់ខាងលើ ហើយបានបង្កើតកម្មវិធីទូរស័ព្ទ (Mobile App)មួយដែលមានឈ្មោះថា កម្ពុជាបៃតង (Green Cambodia) ដែលប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីនេះ ក្នុងការរាយការណ៍អំពី
បញ្ហាសំរាមចោលខុសច្បាប់ សំរាមដុតខុសច្បាប់ និងការខកខានប្រមូលសំរាម របស់ក្រុមហ៊ុនសំរាមជាដើម ហើយទិន្នន័យដែលរាយការណ៍នេះនឹងផ្ទុកក្នុងគេហទំព័រគម្រោងបច្ចេកវិទ្យាសម្រាប់ទីក្រុងបៃតង (T4GC Web Portal) ដែលអាជ្ញាធរស្រុក/ក្រុងនិងភ្នាក់ងារ/ក្រុមហ៊ុនប្រមូលសំរាម អាចចូលមើលដើម្បីចូលរួមដោះស្រាយទាន់ពេល។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ចាប់អារម្មណ៍ និង ថ្លែងអំណរគុណចំពោះគម្រោងនេះ ដោយឯកឧត្តម បានបន្តទៀតថា កន្លងមករដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធបានយកចិត្តទុកដាក់ទៅបញ្ហាអានាម័យបរិស្ថាន និងសំរាមនេះផងដែរ ដោយ ឯកឧត្តម បានដឹកនាំជាច្រើនលើកច្រើនសារ និងបានបង្កើតគណៈកម្មការសម្រាប់ដឹកនាំកិច្ចការនេះផងដែរ។ ឯកឧត្តម បន្តទៀតថា កិច្ចការនេះយើងមិនអាចដោះស្រាយបានភ្លាមៗនោះទេ គឺយើងត្រូវរកអ្នកមានជំនាញបច្ចរកទេសសម្រាប់សិក្សាពីបញ្ហានេះ។ ឯកឧត្តម ក៏ថ្លែងអំណរគុណចំពោះអង្គការ USAID ដែលបានជួយបង្កើតកម្មវិធីនេះឡើង ដើម្បីងាយស្រួលក្នុងការតាមដានទីតាំងដែលមានសម្រាមច្រើន ជាពិសេសនៅក្នុងក្រុងបាត់ដំបងនេះតែម្តង។
ឯកឧត្តម បន្តទៀតថា បញ្ហាសំរាមនេះ គឺបន្តមកពី ក្រុមហ៊ុនដឹកសំរាម ដែលអនុតាមកិច្ចសន្យាមិនបានត្រឹមត្រូវ ហើយកត្តាប្រពលរដ្ឋ យកសំរាមបោះចោលពាសវាលពាសកាល ហើយអាជ្ញារក្រុងនឹងធ្វើការផាកពិន័យ ចំពោះប្រជាពលរដ្ឋណាយកសំរាមទៅចោលដោយគ្មានរបៀប គ្មានសណ្តាប់ធ្នាប់ និងពាស់វាលពាស់កាល៕
No comments:
Post a Comment