បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បុក​របាំ​ង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ និងបន្ត​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្ត្រី ពីរ​នាក់ រងរបួស​ធ្ងន់​ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, June 2, 2022

បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បុក​របាំ​ង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ និងបន្ត​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្ត្រី ពីរ​នាក់ រងរបួស​ធ្ងន់​

(ភ្នំពេញ): បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត ជ្រុល​ចង្កូត ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ ហើយ​បាន​បន្ត​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត ក្នុងទិសដៅ​បញ្ច្រាស​ទិសគ្នា ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី ពីរ​នាក់ រងរបួស​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​


​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២១៖៤០​ននាទីថ្ងៃទី​០១ ខែមិថុនា ឆ្នាំ ២០២២ នៅ​ចំណុច​មុខ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​បណ្តោយ​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​


​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ម៉ាក Honda CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4029 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ខាងកើត ទៅលិច ក្នុងស្ថានភាព​ស្រវឹង​។ លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ រថយន្ត​នេះ បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក បាន​បន្ត​ទៅបុក​ម៉ូតូ ហុងដា ស្កូ​ប​ពី មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IX 6459 ជិះ​ដោយ​ស្ត្រី​ពីរ​នាក់ ធ្វើដំណើរ បញ្ច្រាស​ទិសដៅ​គ្នា ពី​ខាងលិច ទៅកើត ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់​។ 


ភ្លាមនោះ រថយន្ត​សង្គ្រោះបន្ទាន់ បានមក​ដដឹកស្ត្រីដែលរងគ្រោះ ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។ ចំណែអ្នកបើកបររថយន្តបង្ករគ្រោះថ្នាក់ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំយកទៅ អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បណ្ដោះអាសន្ន រង់ចាំ​ប្រគល់ជូន​ជំនាញ អនុវត្ត​បន្ត តាម​នីតិវិធី​។​


​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង យក​រថយន្ត និង ម៉ូតូ រួមទាំងអ្នកបើកបរ​រថយន្ត យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា តាមផ្លូវ​ច្បាប់​៕


 

No comments:

Post a Comment

Pages