នៅព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់គោកចក ខេត្តសៀមរាប បានរៀបចំពិធីប្រកាសសុភពភាពសមាសភាពក្រុមប្រឹក្សា សង្កាត់គោកចក ក្រុងសៀមរាប អាណត្តិទី៥ ក្រោមអធិបតីភាព លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាតការទំនាក់ទំនងអន្តជាតិ លោកនាយកទីចាត់ការរដ្ឋបាលខេត្ត លោកនាយករងទីចាត់ការអន្ដរវិស័យ លោកនាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលទាំងអស់ដែលបានចូលរួម។
នាឱកាសប្រកាសនេះ លោក នាយករដ្ឋបាលសាលាខេត្តសៀមរាប បានស្នើក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។ លោកបានបន្ថែមទៀតថា អស់លោក លោកស្រីដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោក លោកស្រី ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំក្នុងអាណត្ដិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះ សូមលោកស្រី អស់លោកទាំងអស់ មេត្ដាយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនដូចដែលខ្ញុំបានគូសបញ្ជាក់ជូនខាងលើឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។ លើសពីនេះទៀត ខ្ញុំក៏បានសង្កេតឃើញថា ក្រុមប្រឹក្សាសង្កាត់អាណត្ដិចាស់ពិតជាមានឆន្ទៈ ប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្ដិទី៥ តាមរយៈការប្រគល់ទទួលត្រា បញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានានៅមុននេះបន្ដិច។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី ដែលមកពីគណបក្សចំនួនពីរ មកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ក្រុមប្រឹក្សាឃុំថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕








No comments:
Post a Comment