ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងមានលួចលាក់លេងល្បែងអនឡាញ (មាន់ជល់) ដែលមានឈ្មោះ កាហ្វេដើមស្តៅ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៖
អនុវត្តនូវបទបញ្ជាដ៏ម៉ើងមាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក្រោយទទួលបានព័ត៌មានតាមការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ សាន់ដេធីវី ថាមានទីតាំងលួចលាក់បើកល្បែងស៊ីសង (មាន់ជល់អនឡាញ) ជ្រកក្រោមស្លាកហាងលក់កាហ្វេឈ្មោះ ដើមស្តៅ ដែលមានទីតាំងស្ថិតនៅក្នុងទីរួមស្រុកត្រពាំងប្រាសាទ នៅវេលាម៉ោង ១៥ៈ៣០នាទី នាល្ងាចថ្ងៃទី២៧.១២.២០២២ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានបញ្ជាដល់កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ថាន់ ម៉ៅ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ចុះត្រួតពិនិត្យនៅចំណុចទីតាំងខាងលើ។
នៅពេលសមត្ថកិច្ចជំនាញចុះទៅដល់ ទីតាំងខាងលើបានបញ្ឈប់សកម្មភាព ដោយពិនិត្យឃើញមានតែអ្នកផឹកការហ្វេមើលទូរទស្សន៍ និងលេងអុកជាធម្មតា តែប៉ុណ្ណោះ។ ក្រោយត្រួតពិនិត្យរួចរាល់ យើងបានធ្វើការណែនាំ និងឱ្យម្ចាស់ទីតាំងខាងលើធ្វើកិច្ចសន្យា ដោយមិនអនុញ្ញាតឱ្យមានការបើកលេងល្បែងតាមអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទដែលច្បាប់ហាមឃាត់នោះឡើយ ក្នងករណីបំពាន អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច នឹងអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។
ជាមួយគ្នាផងដែរ ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ក៏សូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ចំពោះកិច្ចសហការ និងផ្តល់ជាព័ត៌មានដល់កងកម្លាំងយើងខ្ញុំឱ្យបានដឹង ដើម្បីធ្វើការចុះបង្រ្កាបបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។



No comments:
Post a Comment