ប៉ៃលិន៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ ដែលរៀបចំឡើងនៅកីឡាដ្ឋានភ្នំចេក ស្ថិតក្នុងភូមិបរយាខា សង្កាត់បរយាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ពិធីនេះ ក៍មានការអញ្ជើញចូលរួមពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត លោកអភិបាលក្រុងប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ បងប្អូនកីឡាករ កីឡាការី និងសិស្សានុសិស្ស ជាច្រើននាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័យអប់រំកាយ និងកីឡា ជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំងប្រាំនៃការអប់រំ សម្រាប់ពង្រឹងកាយសម្បទា និងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះមួយណាបានឡើយ ពិសេសចំពោះក្មួយៗកុមារា កុមារី ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សា ព្រោះអាចអភិវឌ្ឍន៍ កាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារឱ្យមានលទ្ធភាពទទួលយកការអប់រំបានល្អ។
លោកជំទាវ អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ កីឡាធ្វើឱ្យក្មួយៗសប្បាយ កីឡាធ្វើឱ្យក្មួយៗមានមិត្តច្រើន និងធ្វើឱ្យក្មួយៗ មានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺដង្កាត់ ទាំងឡាយ ធ្វើឱ្យខួរក្បាលក្មួយៗភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ព្រមទាំងខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ ពិសេសក្លាយជាសិស្សពូកែ ពលរដ្ឋល្អ នាពេលអនាគត។ជាមួយគ្នានេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកម្មការរៀបចំការប្រកួត និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ បានប្រឹងប្រែងរៀបចំគ្រប់បែបយ៉ាង ធ្វើឱ្យការប្រកួតនេះទទួលបាននូវភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ សមាសភាពក្រុមកីឡាករ កីឡាការិនីបឋមសិក្សា ចូលរួមប្រកួតថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ មានចំនួន១១សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន២៨៨នាក់ ស្រី ១២០នាក់។ចំណែកសមាសភាពក្រុមកីឡាករ កីឡាការិនីមធ្យមសិក្សា ចូលរួមប្រកួតថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ មានចំនួន០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុសស្រីចំនួន ០៦ក្រុម, បាល់បោះប្រុសស្រីចំនួន ០៤ ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុប២៤០ នាក់ ស្រី ១៣២នាក់។
លោកបន្តទៀតថា៖ ការប្រកួតនេះមានរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ។ជាលទ្ធផល៖ ចំពោះវិញ្ញសាបាល់ទាត់ លេខ១ ទទួលបានថវិកា២លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ទាត់ចំនួន ០៦ គ្រាប់ ។ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន១លាន៥សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ទាត់ចំនួន២គ្រាប់។ចំពោះវិញ្ញសាបាល់ទះ លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់ទាត់ចំនួន ០៦ គ្រាប់។
ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ទាត់ចំនួន២គ្រាប់។ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់ទាត់ចំនួន២គ្រាប់។ចំពោះវិញ្ញាសាបាល់បោះ លេខ១ ទទួលបានថវិកា១លានរៀល ពានធំជើងឯកកីឡាចំនួន១ និងបាល់បោះចំនួន ០៦ គ្រាប់។ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងបាល់បោះចំនួន២គ្រាប់។ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៧សែនរៀល ទង់ចំណាត់ថ្នាក់លេខ៣មួយ និងបាល់បោះចំនួន៦គ្រាប់។ចំពោះវិញ្ញាសាអត្តពលកម្ម លេខ១ ទទួលបានថវិកា៦០ម៉ឺនរៀល ពានធំជើងឯកកីឡាចំនួន១ ។ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៥០ម៉ឺនរៀល ទង់ចំណាត់ថ្នាក់លេខ២មួយ និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងទង់ចំណាត់ថ្នាក់លេខ៣មួយ ផងដែរ៕
No comments:
Post a Comment