អបអសាទរ ទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, March 16, 2023

អបអសាទរ ទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

ខេត្តកណ្ដាល៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល រៀបចំពិធីអបអសាទរ ទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់។ 


ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី (អ្នកពាក់ព័ន្ធនឹងវិស័យវប្បធម៌គ្រប់វិស័យ) សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ 


ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៥ ឆ្នាំ២០២៣ ប្រារព្ធធ្វើឡើងក្នុងគោលបំណងជំរុញធ្វើឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជា សសរស្ដម្ភរបស់ជាតិ និងជាអ្នកបន្តវេនបានចូលរួមក្នុងបំណងដើម្បីបង្កើនការស្រឡាញ់ បំផុសស្មារតីចូលរួមក្នុងការផ្ទេរ និងការទទួលយកនូវចំណេះ ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជាឱ្យបានស្ថិតស្ថេរ គង់វង្ស ដែលជាមូលដ្ឋាននៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។


ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្តនយោបាយសកលភាវូបនីយកម្ម ស្របជាមួយនេះផងដែរប្រទេសក្នុងសហគមន៍អាស៊ាន ក៏កំពុងធ្វើសមាហរណកម្មលើគ្រប់វិស័យ ជាពិសេសគឺវិស័យសិល្បៈវប្បធម៌ សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្កើតទិវាវប្បធម៌ជាតិ៣មីនានេះឡើងចំនួន២៤លើករួចមកហើយ ហើយឆ្នាំនេះទៀតសោត គឺជាឆ្នាំលើកទី២៥ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ដើម្បីជំរុញលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនប្រជាពលរដ្ឋ រួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិដ៏សម្បូរបែបដែលជាស្នាដៃសិល្បៈកើតចេញពីកម្លាំងពលកម្ម និងបញ្ញាពលកម្មពិតៗរបស់សិល្បកររៀមច្បង និងយុវសិល្បកររបស់យើង ជាសិស្ស-និស្សិតនៅតាមគ្រឹះស្ថានសិក្សានានាបានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន ដែលមានឈាមជ័រសិល្បៈតពីដូនតា ជូនដល់ប្រជាជាតិទាំងក្នុង និងក្រៅប្រទេសបានស្គាល់ បានយល់ជ្រួតជ្រាប និងជាពិសេសក្នុងស្រទាប់យុវវ័យ ដើម្បីបង្កើនការចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើង ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ ជាការពិត រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ ដោយចាត់ទុកថា វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាល ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គមឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើងផងដែរ៕







 

No comments:

Post a Comment

Pages