ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា នគរបាលជំនាញឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់និងជនជាតិខ្មែរម្នាក់ ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុច មុខក្លឹបកំសាន្ត អូស្កា ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៌ទោស្នងការបញ្ជាក់បន្ថែមថា ករណីផ្ទុះអាវុធនេះបង្កដោយមនុស្ស ១ក្រុម មានគ្នា ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ រកឃើញសំបកគ្រាប់កាទូសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) នៅកាស៊ីណូ មួយកន្លែង ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ព្រះសីហនុ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ នគរបាលដកហូតសម្ភារៈវត្ថុតាងរួមមាន៖
+អាវុធខ្លី ១ដើម ម៉ាក Sigsauer P365 មានលេខសម្គាល់ 66A985948 (បង់ ២ មាន១៤គ្រាប់) ។
+សំបកគ្រាប់កាទូស ៥គ្រាប់ ។
+រថយន្ត ២គ្រឿង ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8726 និង ១គ្រឿង ទៀត ម៉ាក Peugot ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E-8998។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនិតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន៕
No comments:
Post a Comment