ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើងនៅ រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។
ខ្មាន់កាំភ្លើងមួយក្រុមទៅផឹកស៉ីនៅរោងលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះស្រវឹងដកកាំភ្លើងបាញ់បោះសេរីបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យប្រជាពលរដ្ឋភិតភ័យយ៉ាងខ្លាំង រួចគេចខ្លួនបាត់ស្រមោល។
ចំណែកម្ចាស់ហាងឈ្មោះភិន ណាត ភេទប្រុសអាយុ៤៥ឆ្នាំ នឹងស្រ្តីអ្នកលក់ទឹកត្នោតជូរ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយមានមនុស្សមួយក្រុម គ្នាចំនួន៤នាក់បានជិះម៉ូតូ២គ្រឿង ចូលទៅផឹកសុីនៅក្នុងរោងរបស់គាត់
ប៉ុន្តែអត់ផឹកទឹកត្នោតជូរនោះទេ ពួកគេបានហៅឲ្យគាត់យកស្រាបៀរឲ្យផឹក លុះពេលផឹកអស់១កេសស្រវឹងគ្រប់គ្នា បក្ខពួកម្នាក់បាននិយាយទៅកាន់គាត់ថា អុីម្ចាស់ហាង ខ្ញុំសុំ១គ្រាប់បន្ធូរកំហឹងខ្ញុំ។
ខណៈនោះគាត់បានឆ្លើយតបវិញថា ខ្ញុំលក់ដូរ ខ្ញុំអត់មានឲ្យលោកពូឯងបន្ធូរកំហឹង មកបាញ់កន្លែងខ្ញុំលក់ដូរទេ ពេលនោះខ្មាន់កាំភ្លើងនិយាយតបវិញថា អត់ទេខ្ញុំដឹងតែព្រលែង១គ្រាប់ហើយ រួចក៏ដកកាំភ្លើងបាញ់មេឃ១គ្រាប់តែម្ដង ពេលនោះគាត់ភិតភ័យណាស់ក៏ក្រាបទៅដី។
បន្ទាប់មកខ្មាន់កាំភ្លើងបាញ់ រួចរើសសំបកកាទូស្សគ្រាប់កាំភ្លើងដែលជ្រុះលើដីដាក់ហោប៉ៅ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារសង្កាត់ និងភូមិបានចុះទៅអន្តរាគមន៍ ប៉ុន្តែខ្មាន់កាំភ្លើងបានគេចអស់បាត់ទៅហើយ៕
No comments:
Post a Comment