កំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រកតោល ច្បោះរាក ព្រះអាទិត្យ និងមានការសម្របសម្រួលដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ចុះប្រតិបត្តិការពិនិត្យ និងបង្រ្កាបទីតាំងធ្វើសន្និធីឈើ(ស្តុក) ខុសច្បាប់មួយកន្លែងដកហូតវត្ថុតាងបានជាច្រើនម៉ែត្រគូប។
ក្នុងប្រតិបត្តិការដែលបានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុច UTM( ៥៤៥៧៦១-១៤២៤២៩៧ ) តំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំបន្ទាប់ពីមានការសហការ ជូនដំណឹងពីប្រជាពលរដ្ឋនៅតំបន់នោះដែលស្រឡាញ់វិស័យធនធានធម្មជាតិ។
យោងតាមប្រភពសាក្សី បានឱ្យដឹងថា ខណៈសមត្ថកិច្ចកំពុងបំពេញភារៈកិច្ចនោះ ស្រាប់តែលេចមុខបុគ្គលពីរនាក់ប្តីប្រពន្ធ សង្ស័យជាម្ចាស់ឈើ បានធ្វើសកម្មភាពច្រង៉េងច្រង៉ាងរារាំង និងយកទូរសព្ទដៃមករថយន្តសមត្ថកិច្ច និងប្រើពាក្យសំដីប្រមាថ មិនតែប៉ុណ្ណោះថែមទាំងទាញកាំបិតដេញកាប់ទៅលើអ្នកណាដែលហ៊ានថតរូបគេ។ សកម្មភាពនេះជាទម្លាប់ទៅហើយសម្រាប់បុគ្គលឈ្មួញឈើពីរនាក់ប្តីប្រពន្ធនេះ ធ្វើមកលើអ្នកណាដែលហ៊ានមកបំផ្លាញផលប្រយោជន៍ដែលបានមកពីការ ប្រព្រឹត្តបទល្មើសព្រៃឈើរបស់ពួកគេ។
ម៉្យាងវិញទៀតឈ្មួញឈើខាងលើ ជាមេឈ្មួញដុះស្លែខាងប្រមូលទិញ និងដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ព្រៃឡង់ រកស៊ីបានយ៉ាងរលូនជាយូរឆ្នាំមកហើយ មិនដែលឃើញមានសមត្ថកិច្ចគ្រប់ជំនាញ នៅទីនោះធ្វើការបង្ក្រាបម្តងណាឡើយ ជាហេតុធ្វើឲ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា ជាការត្រូវរូវជាប្រព័ន្ធក្នុងមូលដ្ឋាន។ ប៉ុន្តែលើកនេះបើកុំតែកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថថ្នាក់ខេត្តចុះមកបង្ក្រាបផ្ទាល់ ឈ្មួញឈើពីរនាក់ប្តីប្រពន្ធនេះប្រាកដជាមិនទទួលបានការបង្ក្រាប ដូចសេចក្តីរាយការណ៍មុនៗរបស់ប្រជាពលរដ្ឋទៅខាងជំនាញទៀតជាក់ជាមិនខាន។
ដោយឡែកយោងតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា វត្ថុតាងសន្និធីឈើ(ស្តុក)ខុសច្បាប់មួយកន្លែងនេះជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ (ត្រូវជាប្តី) មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម អាយុ៥០ឆ្នាំ ទាំងពីរនាក់រស់នៅតំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ជាលទ្ធផល ដកហូតឈើឃ្នៀបប្រភេទឈើទាល ៥x១៥ចំនួន១៧១សន្លឹក និងសសរ ១៥x១៥ចំនួន១១ដើម សរុបចំនួន ៩.៩៩៧ម៉ែត្រគូប។ វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានច្រកតោល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមរំលឹកផងដែរក្នុងរយៈពេលថ្មីនេះ ក្រោមការដឹកនាំ លោកឩត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការយ៉ាងល្អជាមួយជំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាប ទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិបានជាបន្តបន្ទាប់គួរឲ្យកត់សំគាល់៕






No comments:
Post a Comment