តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ(ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ករណីមួយទៀត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ នួន បញ្ញា បានប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពេលនោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការចុះបង្រ្កាបតែបុគ្គលនេះ រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។ ក្រោយមក ឈ្មោះ នួន បញ្ញា មានដីកាចាប់ខ្លួនចំនួន០២ដីកា ក្នុងឆ្នាំ២០១៨ចំនួន០១ដីកា និងក្នុងឆ្នាំ២០២០ចំនួន០១ដីកាទៀត ហើយក្នុងឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនតាមដីកា បុគ្គលនេះត្រូវបានអនុវត្តដាក់ពន្ធនាគារម្តងរួចហើយ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ នួន បញ្ញា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម។
អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនលើកលែង ឬយោគយល់ បុគ្គលដែលប្រព្រឹត្តបទល្មើស ទោះបីបុគ្គលនោះជាយោធិននៃកងរាជអាវុធហត្ថក្តី ក៏ត្រូវតែអនុវត្តតាមច្បាប់ ឬវិន័យកងទ័ព ដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប”។
អាស្រ័យដូចជម្រាបជូនខាងលើ ខ្ញុំបាទស្នើសុំបុគ្គលដែលបង្ហោះផ្សព្វផ្សាយធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន ក្រោយពីទទួលបានការបកស្រាយ ឆ្លើយតបរបស់កងរាជអាវុធហត្ថយើងខ្ញុំ និងសូមគោរពសាធារណជន អ្នកសារព័ត៌មានមេត្តាជ្រាប។ សូមគោរពអរគុណ។
No comments:
Post a Comment