នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូងនៅខេត្តព្រះសីហនុ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកការដ្ឋានកីឡាវាយកូនហ្គោលនាពេលនេះគឺជាគោលដៅសម្រាប់ទេសចរណ៍កីឡាវាយកូនហ្គោល និងប្រៀបបានជាការបោះជំហានថ្មីមួយទៀតរបស់គម្រោងអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកាន់ការប្រែមុខមាត់ខេត្តព្រះសីហនុឱ្យក្លាយទៅជាគោលដៅលំដាប់ពិភពលោកសម្រាប់វិស័យទេសចរណ៍កីឡាវាយកូនហ្គោលជាមួយនឹងទីលានវាយកូនហ្គោលនៅមាត់សមុទ្រស្តង់ដារUSGAដំបូងបំផុតនៅខេត្តព្រះសីហនុ។ ដំណើរការសាងសង់ទីលានវាយកូនហ្គោលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ និងការសាងសង់នៃទីលានទាំងមូលនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ ដែលនឹងត្រៀមធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅដ៏សាកសមសម្រាប់ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនៅក្នុងតំបន់ និងសម្រាបការវាយកូនហ្គោលលំហែចុងសប្តាហ៍ផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថាកត្តាសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក់ស្ដែងដូចជាការសម្ពោធបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោលលើកដំបូងនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមមានការសប្បាយចិត្តនិងគាំទ្រចំពោះក្រុមហ៊ុនដែលបានវិនិយោគទីលានវាយកូនហ្គោលដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ផ្នែកកីឡាលើឆាកអន្តរជាតិ។
ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថាចំពោះការវិនិយោគលើការសាងសង់ទីលានកូនហ្គោលគឺបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនជាច្រើនមកហើយតែមិនទទួលបានលទ្ធផលហើយថ្ងៃនេះការបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19 នៃគម្រោង "BAY OF LIGHT” នៅទឹកដីខេត្តព្រះសីហនុ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ការទាក់ទាញវិស័យទេសចរណ៍ផ្នែកវាយកូនហ្គោលដែលជាប្រភេទកីឡាទំនើបក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងនៅលើទឹកដីខេត្តព្រះសីហនុ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត សូមលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្តការវិនិយោគបន្ថែមទៀតក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសក្នុងទឹកដីខេត្តព្រះសីហនុ ដែលមាន សក្តានុពលទេសចរណ៍ភាគច្រើន ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខក្នុងតំបន់៕
No comments:
Post a Comment