រដ្ឋបាលខេត្តកណ្តាល បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, December 26, 2023

រដ្ឋបាលខេត្តកណ្តាល បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្តាល៖ អង្គសន្និបាតនាថ្ងៃនេះគឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងលើការងាររបស់រដ្ឋបាលខេត្ត ក៏ដូច ជាការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយជវភាព និងមុតស្រួចរបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម  នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងដូច្នេះ នៅក្នុងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង ឯកឧត្តម លោជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរភូមិ-ឃុំជាង ៧០០នាក់។


ឯកឧត្តម  នូ សាខន បានស្នើដល់សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមស្តាប់ការធ្វើបទបង្ហាញ និងចូលរួមពិភាក្សាឲ្យបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ក្នុងន័យស្ថាបនា កែលម្អគ្នា ដើម្បីស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ ជាពិសេសត្រូវរិះរកវិធីសាស្ត្រថ្មីៗ កែច្នៃការងារ របស់យើងឲ្យកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីបង្កើនជំនឿទុកចិត្តពី ប្រជាពលរដ្ឋ និងទទួលសេវាលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេស ការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋលើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល។


ក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ។


ឯកឧត្តមបានបន្ថែមថា ការខិតខំរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ គឺពិតជាបានធ្វើឲ្យខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល ធានារក្សាបាន កំណើនសេដ្ឋកិច្ចជាវិជ្ជមាន បង្កលក្ខណៈសម្បត្តិដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើងឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ខាងមុខ ដូចបានកំណត់នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព និងមុតស្រួចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។






 

No comments:

Post a Comment

Pages