ប៉ៃលិន៖ រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌតិ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការជួសជុលផ្លូវលំ ១ខ្សែ នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិការផ្សព្វផ្សាយ និង ពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត និងចុះកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ ព្រមទាំងកែសម្រួលស្ថានភាពផ្លូវ នៅចំណុចផ្លូវបំបែកជា៤ មុខវត្តសន្តិមារាម ហៅវត្តវត្តអូរច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការជួសជុលផ្លូវ ១ខ្សែរនេះ រួមទាំងការ ដាក់ស្លាកសញ្ញាចរាចរណ៍ នៅលើដងផ្លូវ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ១០០% ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានអោយដឹងថា៖ ផ្លូវលំក្រាលល្បាយថ្ម ១ខ្សែ ដែលកំពុងកែសម្រួល និងជួសជុលនេះ គឺមានប្រវែង ៧៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានដាក់ប្រព័ន្ធលូ កាត់ទទឹងផ្លូវមុខបី មុខកាត់ ១ម៉ែត្រ ចំនួន ១កន្លែង ដើម្បីបញ្ជាសបញ្ហាស្ទះទឹក ដែលបណ្តាលអោយលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមានករណីជំនន់ទឹកភ្លៀងម្តងៗ៕ ដោយ៖ ភ្នំខៀវ
No comments:
Post a Comment