ខេត្តកណ្ដាល៖ ដោយមើលឃើញពីការលំបាកក្នុងធ្វើដំណើរទៅមក និងការប្រកបមុខរបរផ្សេងៗ របស់ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានស្ទឹងជ្រៅ ប្រវែង២៦ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋាន ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានប្រជាពលរដ្ឋចូលរួមជាង ៥០០នាក់ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានពន្យល់ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមផែនការអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។
ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានខិតខំប្រឹង ប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់នាថ្ងៃនេះជាសក្ខីភាពស្រាប់។
ឯកឧត្តមអភិបាល បានមានប្រសាសន៍បន្ថាថែមថា មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ ជាកស្តែងការបើកការដ្ឋានសាងសង់ស្ពានស្ទឹងជ្រៅនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត របស់ក្រុងតាខ្មៅ បន្ទាប់ពីបញ្ចប់ការសាងសង់រួចហើយស្ពានមួយនេះនឹងជួយសម្រួលការធ្វើចរាចរណ៍ឆ្លងកាត់ បញ្ចៀសការកកស្ទះ របស់បងប្អូនប្រជាពលរដ្ឋទូទៅ សិស្សានុសិស្ស ឆ្លងទៅមកសាលារៀន ពិសេសប្រជាពលរដ្ឋសង្កាត់ព្រែកឬស្សី និងសង្កាត់ដើមមៀន។ ម្យ៉ាងទៀតរថយន្តធនធ្ងន់ អាចដឹកផលិតផល អនុផល និងទំនិញឆ្លងកាត់បាន រហូតដល់៤០តោន និងមានអាយុកាល ប្រើប្រាស់បានរយៈពេល ៥០ឆ្នាំ ។
No comments:
Post a Comment