កិច្ចប្រជុំស្ដីពី ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, February 3, 2024

កិច្ចប្រជុំស្ដីពី ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អាជ្ញាធរក្រុងតាខ្មៅ ត្រូវចុះពិនិត្យសង្កាត់ទាំង១០ របស់ខ្លួន ធ្វើយ៉ាងណាឱ្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងសាលាសង្កាត់ ជាដើម ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូប្រើប្រាស់បានគ្រប់គ្រាន់។ 


នេះជាការជំរុញរបស់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល  ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាធិបតីភាព  កិច្ចប្រជុំស្ដីពី ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងក្រុងតាខ្មៅ អ្នកព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាក្រុងតាខ្មៅ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ ដៃគូសហការដោយអង្គការwater Aids អាជ្ញាធរភូមិ-សង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។ 


ឯកឧត្តម នុត ពុធដារ៉ា បន្តថា៖ ការចុះផ្ទៀងផ្ទាត់ (ODF+) នៅក្រុងតាខ្មៅ នាពេលនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ដើម្បីបញ្ជាក់អំពីសុក្រិតភាពនៃការអះអាងតាមរយ:សេចក្តីប្រកាសផ្ទៃក្នុង(ODF+) របស់រដ្ឋបាលក្រុងតាខ្មៅ និងការផ្តល់កិត្តិយសប្រកបដោយគុណតម្លៃ ជូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលបានចូលរួមប្រតិបត្តិអនាម័យល្អ ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់ពីការត្រួតពិនិត្យថ្នាក់ ភូមិ សង្កាត់ ក្រុង បានបញ្ចប់រួចជាស្ថាពរហើយ ក្រុមការងារថ្នាក់ជាតិនឹងចុះមកវាយតម្លៃថ្នាក់ខេត្តវិញម្ដង។ ហើយការចុះរបស់ថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្តដែរ គឺមានការចាប់ឆ្នោតយកស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ដើម្បីចុះត្រួតពិនិត្យ។ ដូច្នេះអាជ្ញាធរ ភូមិ សង្កាត់ ក្រុង ត្រូវត្រៀមខ្លួនឱ្យរួចរាល់ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងសាលាសង្កាត់ ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ សំដៅធ្វើឱ្យការចុះវាយតម្លៃ (ODF+) ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។ 


ឯកឧត្ដម បានបន្ថែមថា៖ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់  គឺសង្ឃឹមជឿជាក់ថា “ខេត្តកណ្តាលធ្វើបាន” ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។ 


ឯកឧត្ដម អភិបាលរងខេត្ត មានជំនឿជឿជាក់ថា ការជំរុញឱ្យសម្រេចបាន(ODF+) នេះគឺពិតជាអាចធ្វើទៅបាន ហើយធ្វើបានយ៉ាងលឿន ថែមទៀតផង។ ព្រោះបើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងនាពេលមុននេះ គឺខេត្តកណ្តាលហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណាយើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួនបន្ថែមទៀត ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាបន្ន នៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា សហការគ្នា ប្តេជ្ញាធ្វើឱ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន (ODF+) នាពេលឆាប់ៗខាងមុខនេះ។





 

No comments:

Post a Comment

Pages