សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាព ប្រទេសទាំងពីរ - SPN NEWS

ព័ត៌មានថ្មីៗ

Wednesday, October 23, 2024

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាព ប្រទេសទាំងពីរ

ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន (Hon.  Moundir Bouden) អនុប្រធានរដ្ឋសភា នៃប្រទេសអាល់ហ្សេរ៉ឺ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ 


ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនៅក្នុងឱកាសនេះ។ 


ឯកឧត្តមអនុប្រធានរដ្ឋសភា ស្នើសូមសម្តេចជួយពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យបានរឹងមាំឡើងបន្ថែមទៀត។ 


ឯកឧត្តមបានលើកឡើងថា កម្ពុជា និង អាល់ហ្សេរ៉ឺ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល៣០ឆ្នាំមកហើយ។ ដើម្បីភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទាំងងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារ តាមអនឡាញ ជាមួយ ឯកឧត្តម ប្រធានរដ្ឋសភា អាល់ហ្សេរ៉ឺ នៅពេលខាងមុខ។


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តីសោមនស្សរីករាយ ចំពោះការជួបពិភាក្សាការងារជាមួយ ឯកឧត្តម  ម៉ុនឌៀរ ប៊ូដិ នាឱកាសនេះ។ សម្តេចបានលើកឡើងថាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ក៍ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះទេ តែនឹងរួមចំណែកដល់ការកសាង ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋក្នុងសកលលោកផងដែរ។


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញឯកឧត្តម ម៉ុនឌៀរ ប៊ូដិន និងសភាអាល់ហ្សេរ៉ឺ ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាក្នុងឆ្នាំនេះ ផងដែរ៕







 

No comments:

Post a Comment

Pages