លោកឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាល ថែសុខភាព កុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 18, 2024

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំសិស្សនគរបាល ថែសុខភាព កុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំសិស្សជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងត្រូវទៅបំពេញភារកិច្ចតាមអង្គភាព យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យធាត់ជ្រុលហួស ធ្វើឱ្យប៉ះពាល់ដល់ការងារ និងអាចប្រឈមបញ្ហាសុខភាពនោះឡើយ។


ការណែនាំដូចនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។


លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា សិស្សដែលទទួលជ័យលាភីនាថ្ងៃនេះ គឺជំនាន់ចុងក្រោយ ដែលមានកម្រិតកម្ពស់ទាបជាង ធៀបទៅនឹងការប្រកាសជ្រើសរើសថ្មី ដែលបានកំណត់ចំពោះបុរស ១.៧០ម៉ែត្រ និងនារី ១.៦៥ម៉ែត្រឡើងទៅ។ ចំពោះគោលការណ៍ណែនាំតម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព រៀបចំនគរបាលធាត់ និងដុះក្បាលពោះខ្លាំង ឱ្យបំពេញការងារក្នុងការិយាល័យ ទាំងការងារចរាចរណ៍ និងការបង្រ្កាបនូវបទល្មើសផ្សេងៗ។ វិធានការនេះ មិនមែនមានន័យថា ថ្នាក់ដឹកនាំបង្កើតបរិយាកាសដាក់សម្ពាធតទល់លើមន្រ្តីមានមាឌធាត់នោះទេ ប៉ុន្តែជាការគិតគូលើសុខភាព និងប្រសិទ្ធភាពការងារ។


ទន្ទឹមនេះ ក៏បានក្រើនរម្លឹកដល់សិស្សជ័យលាភីទាំងអស់ ចងចាំនូវការសច្ចាប្រណិធាន ក្នុងនាមជាអ្នកបំពេញការងារជានគរបាលឱ្យបានល្អ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៃនគរបាលជាតិ ផ្តល់ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ក្រេបយកនូវចំណេះជំនាញ តាមរយៈការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងអង្គភាព ជាពិសេសគឺចាប់យកការងារឌីជីថល ដើម្បីស្របតាមការអភិវឌ្ឍនៃយុគសម័យថ្មី៕







 

No comments:

Post a Comment

Pages