(ឧត្តរមានជ័យ).វិទ្យាល័យតេជោសែនសំរោង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤នេះ។
លោក ប៉ិច រតណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួនសិស្សដែលជាបេក្ខជន ចុះឈ្មោះ ប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប១៧៥០នាក់ បើគិតពីឆ្នាំមុនមានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។
ក្នុងនោះ សិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយនិទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់
- និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់
- និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់
- និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់
- និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់។
ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា ការបើកបវេសសនកាលនេះធ្វើឡើង ដើម្បីដាស់ស្មារតីសិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារបស់ខ្លួនគ្រប់ពេលវេលា។ ការសិក្សារៀនសូត្រមិនត្រឹមតែអនុវត្តនៅក្នុងវិស័យសិក្សាតែប៉ុណ្ណោះទេថែមទាំងតម្រូវឲ្យមានការបន្ត លើកកម្ពស់ និងការអភិវឌ្ឍន៍គ្មានថ្ងៃបញ្ចប់ ដើម្បីធានានូវការផលិតធនធានមនុស្សប្រកបដោយគុណភាពអភិវឌ្ឍប្រកបដោយចីរភាព។ ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសបង្កើននូវធនធានមនុស្ស និងកម្លាំងពលកម្មដែលមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពទៅលើទីផ្សារការងារ និងតម្រូវការអភិវឌ្ឍន៍សង្គមជាតិផងដែរ។
យ៉ាងណាម៉ិញ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវ ឲ្យក្មួយៗសិស្សនុសិស្សទាំងអស់ ត្រូវតែជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើនានាដែលសង្គមស្អប់ខ្ពើម ហើយត្រូវខិតខំប្រឹងប្រែង រៀនសូត្រដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
No comments:
Post a Comment