តាកែវ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ចំនួន១៥នាក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
មានមតិសំណេះសំណាលជាមួយយោធិន នាឱកាសនោះ លោក អ៊ូច ភា បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែគិតគូរចំពោះយោធិនចូលសោធននិវត្តន៏ ព្រោះបងប្អូនយោធិនពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា ។
លោកអភិបាលខេត្ត បានបន្តថា យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយមិនអាចបំភ្លេចបាន និងបន្តរៀនសូត្រពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ លោកបានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយៈការដោះស្រាយជីវភាពរស់នៅដល់បង ប្អូនទាំងស្មារតី សម្ភារៈ និងថវិកា ក្នុងនោះរួមទាំងការតម្លើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗទៀត ជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោក អ៊ូច ភា ក៏បានសំណូមពរដល់បងប្អូនដែលត្រូវចូលនិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត-ក្រុង ដែលបងប្អូនបានទៅរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុត្តន៍គោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច។
បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភដល់និវត្តន៍ជន១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូ មី១កេស ទឹកក្រូច ១កេស និងថវិកា ២០ម៉ឺនរៀល។ បន្ថែមពីនេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ ក៏បានចូលរួមឧបត្ថម្ភក្នុងនិវត្តន៍ជនម្នាក់ៗ ១០ម៉ឺនរៀលផងដែរ៕
No comments:
Post a Comment