អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 1, 2020

អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង  អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ 


ក្នុងជំនួបពិភាក្សានេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរ។


លោកជំទាវ ក៏បានស្នើអោយអាជ្ញាធរខេត្តនិងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ ដែលជារលកទី២ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។


ក្រៅអំពីបញ្ហាជំងឺកូវី១៩ នេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានលើកឡើងអំពីវិស័យសុខាភិបាលផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាម គ្រុនឈឺក និងវិធានការការពារទប់ស្កាត់ជំងឺគ្រុនចាញ់ជាដើមដែលតម្រូវឲ្យមន្ទីរសុខាភិបាលនិងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំផងដែរ។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។


ជាមួយគ្នានេះឯកឧត្តម វ៉ី សំណាង ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះតំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម។


គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមទីតាំងទីតាំង ៤ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក រួមមាន មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ វិទ្យាល័យ កំពង់ស្ពឺ វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ និង មជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា- កូរ៉េ សម្រាប់ ទទួល ពិនិត្យ ព្យាបាល អ្នកជំងឺ កូ វីដ ១៩ ៕






 

No comments:

Post a Comment

Pages