ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តប្រគល់ជូនគ្រួសារសព ដែលលង់ទឹកស្លាប់ដោយសារជំនន់ទឹកភ្លៀង ៣នាក់បន្ថែមទៀត ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា១០លានរៀល។
ឯកឧត្តម ម៉ៅ ធនិន ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ដែលបាត់បង់បង ប្អូន កូន ក្មួយ ប្តី និងឪពុកជាទីស្រលាញ់ ក្នុងអំឡុងជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភក្នុងមួយសព ទទួលបានថវិកា១០លានរៀល ដោយគិតមកដល់ពេលនេះ មាន៦សពហើយ។ ជាមួយគ្នានោះ គ្រួសារសពម្នាក់ៗ ក៏បានទទួលជំនួយបន្ថែមទៀត រួមមានអង្ករ១០០គីឡូក្រាម, មី១កេសធំ, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ២យួរ, ត្រីខ៣ឡូតិ៍, ប្រេងសណ្តែក២ដប និងថវិកា៦០ម៉ឺនរៀលបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងការផ្តល់ជូនថវិការបស់សម្តេចតេជោ និងជំនួយបន្ថែមខាងលើ ឯកឧត្តម ម៉ៅ ធនិន បានប្រកាសថា ឯកឧត្តម និងភរិយា នឹងចេញមុខធានារ៉ាប់រងទាំងស្រុង ចំពោះការរៀបចំបុណ្យសពជនរងគ្រោះ ទាំង៣នាក់នេះបន្ថែមទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ពន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ រួមមាន៖
១៖ ឈ្មោះ សឿន សំណាង ភេទអាយុ១៤ឆ្នាំ (ប្រគល់រួច)
២៖ ឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ (ប្រគល់រួច)
៣៖ ឈ្មោះ សុខ ស៊ន ភេទប្រុស អាយុ៥៥ឆ្នាំ (ប្រគល់រួច)
៤៖ ឈ្មោះ ឡៃ ស្រីមួយ ភេទស្រី អាយុ៩ឆ្នាំ (ប្រគល់នារសៀលថ្ងៃនេះ)
៥៖ ឈ្មោះ រឹទ្ធ ម៉ូលីកា ភេទស្រី អាយុ៧ឆ្នាំ (ប្រគល់នារសៀលថ្ងៃនេះ)
៦៖ ឈ្មោះ ទឹម គា ភេទប្រុស អាយុ៥៣ឆ្នាំ។ (ប្រគល់នារសៀលថ្ងៃនេះ)។
ក្រុមគ្រួសារសពទាំង៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត និងរកអ្វីមកប្រៀបមិនបានចំពោះទឹកចិត្ត សណ្តោសដ៏ប្រពៃ របស់សម្តេចទាំងទ្វេរ ដែលតែងតែ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។ ជាមួយគ្នានោះ ពួកគាត់ក៏សូម ថ្លែងអំណរគុណចំពោះឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត ដែលបានខិតខំជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង ក្នុងគ្រាដែលមានជំនន់ទឹកភ្លៀងនៅក្នុងខេត្ត៕
No comments:
Post a Comment