ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 16, 2020

ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០

ខេត្តកំពត៖ នាព្រឹក​ថ្ងៃសុក្រ​១៤​រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។ 


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងភូមិសាស្ត្រខេត្តកំពត។ 


ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា​ នៅក្នុងភូមិសាស្រ្តខេត្តកំពត ភ្លៀងបន្តធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះដូចបណ្ដារាជធានី​ ខេត្ត​ ជាពិសេសខេត្តជាប់តំបន់មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង​ និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុង​ ស្រុក ពុំមានជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់ឬរងគ្រោះដោយគ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់វ៉ារីអគ្គិសនីកំចាយ ក៏ពុំមានអ្វីគួរឲ្យព្រួយបារម្ភ នោះដែរ។ 


ឯកឧត្តម​ បានបញ្ជាក់បន្ថែមថា នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីហេតុការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើង។ 


ចំពោះបញ្ហានេះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួមសហការគ្នា ឲ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើងដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែសឬមើលស្រាលចំពោះបញ្ហាទឹកជំនន់នេះបានឡើយ។ ពិសេសអាជ្ញាធរក្រុង​ ស្រុក ត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ត្រៀមលក្ខណៈគ្រប់មធ្យោបាយ ទាំងទូក និងទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដែលអាចកើតមានឡើងដោយជំនន់ទឹកភ្លៀង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់ដោយយើងមិនបានយកចិត្តទុកដាក់ជួយនោះឡើយ។








 

No comments:

Post a Comment

Pages