ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤សង្កាត់ នៅក្នុងក្រុងពោធិ៍សាត់ រួមមានសង្កាត់រលាប សង្កាត់ព្រៃញី សង្កាត់លលកស និងសង្កាត់ស្វាយអាត់។
គេសង្កេតឃើញមានវត្តមានចូលរួមក្នុងឱកាសនោះ រួមមាន ឯកឧត្តមតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុងពោធិ៍សាត់ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុមយុវជនខេត្ត និងមន្ត្រីរាជការ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងសង្កាត់ចំនួន៤ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងក្រុងពោធិ៍សាត់ ដែលកំពុងត្រូវការស្បៀងជាចាំបាច់ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ឬទឹកត្រី១យួរ។ ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា សម្ភារៈទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា។
ថ្នាក់ដឹកនាំទាំង២ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានចូលរួមសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ និងដំណាំកសិកម្មមួយចំនួន ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនេះ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕
No comments:
Post a Comment