ខេត្តកំពតរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៤ ក្នុងខេត្ត - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, October 8, 2020

ខេត្តកំពតរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៤ ក្នុងខេត្ត

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៤ ក្នុងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។


អញ្ជើញចូលរួមក្នុងពិធីរួមមាន៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក តំណាងអង្គការជាតិ អន្តរជាតិដែលអនុវត្តការងារនៅក្នុងខេត្តកំពត មន្ត្រីរាជការនៃមន្ទីរផែនការខេត្ត សរុបប្រមាណ ១១១នាក់។


ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍នៅក្នុងអង្គពិធីនាព្រឹកនេះថា កន្លងមកខេត្តកំពតធ្លាប់អនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រចំនួន៤លើក រួចមកហើយគឺនៅឆ្នាំ២០០៩ ឆ្នាំ២០១១(សម្រាប់ភូមិនៅទីជនបទ) ដែលគាំទ្រថវិកា សម្ភារៈពីអង្គការ GIZ និងជំនួយបច្ចេកទេសពីក្រសួងផែនការ។ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តគ្របដណ្តប់លើភូមិចំនួន ៤៨០ នៃភូមិសរុប ៤៨៤ និងសង្កាត់ចំនួន២ នៃឃុំ សង្កាត់សរុបចំនួន៩៣ របស់ក្រុង ស្រុកទាំង៨ ជាលទ្ធផលទិន្នន័យដែលប្រមូលបានបង្ហាញឲ្យឃើញថា អត្រាភាពក្រីក្រនៅក្នុងខេត្តមានការធ្លាក់ចុះជាលំដាប់គឺនៅឆ្នាំ២០០៩ មានកម្រិត១៨,៨% និងបានធ្លាក់ចុះមកនៅត្រឹម១៣% នៅឆ្នាំ២០១៧។ សរុបគ្រួសារក្រីក្រក្នុងខេត្តមានចំនួន ២៥.៦៤៥គ្រួសារនៅឆ្នាំ២០២០ ក្នុងនោះក្នុងកំឡុងពេលកូវីដ១៩ រកឃើញគ្រួសារក្រីក្រចំនួន ៧.០៧៤គ្រួសារ។


ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្តបានស្នើសុំដល់ក្រុង ស្រុក មន្ទីរ អង្គភាព និងអង្គការដៃគូរពាក់ព័ន្ធនានា ចូលរួមសហការជាមួយមន្ទីរផែនការខេត្ត ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនេះ ជួយដល់មន្ត្រីមូលដ្ឋានថ្នាក់ឃុំ និងភូមិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យនេះដោយទៀងទាត់ និងយកចិត្តទុកដាក់បំផុត ដើម្បីរក្សាបាននូវប្រសិទ្ធភាព និងសុក្រិត្យភាពនៃបញ្ជីគ្រួសារក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការផ្តល់សេវា ឬជំនួយផ្សេងៗ ជៀសវាងនូវបាតុភាពមិនប្រក្រតីដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវា និងថ្នាំងថ្នាក់មកលើរាជរដ្ឋាភិបាល។








 

No comments:

Post a Comment

Pages