ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវ តាយ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីរាប់បាតព្រះសង្ឃចំនួន១៦៨អង្គ ជាកិច្ចបញ្ចប់ពិធីបុណ្យមាឃបូជា។
សូមបញ្ជាក់ថា: ពិធីបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក កាលពី៥៨៨ឆ្នាំ មុនគ្រីស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងជាថ្ងៃដែលព្រះអង្គបានប្រកាសកំណត់ដាក់ព្រះជន្មាយុសង្ខារ(កំណត់ថ្ងៃសម្រាប់ព្រះអង្គចូលនិព្វាន)។ ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។
No comments:
Post a Comment