ខេត្តកោះកុង៖ ថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។
លោកជំទាវអភិបាលខេត្ត បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។
លោកជំទាវបន្តទៀតថា កន្លងមកអត្រាកំណើនសិស្ស នៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅមួយឆ្នាំគឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួលបាននិទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគតប្រទេសជាតិយើង។
លើសពីនេះទៀត លោកជំទាវក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយបន្ថែមទៀតអំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាល់កុល ឬជែលលាងដៃ យកតាមខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេគឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ៕
No comments:
Post a Comment