អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះធ្វើការពង្រឹងការអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ជាមួយអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 8, 2021

អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះធ្វើការពង្រឹងការអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ជាមួយអាជ្ញាធរនៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ខេត្តតាកែវ៖ ដើម្បីអនុវត្តន៍តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថ្មី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ស្តីពីការទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាមចូលមកក្នុងប្រទេសកម្ពុជា។


នៅរយះពេលពេញមួយថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកឧត្តមសេនីយ៍ត្រី ទូច អូន លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំង លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានចុះធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការរឹតបន្តឹង ទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។


មានប្រសាសន៍សំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច។


ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ទៀតថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះបុណ្យចូលឆ្នាំចិន វៀតណាមនិងខិតជិតមកដល់ ដូច្នេះនិងមានភ្ញៀវទេសចរណ៍ជាច្រើនឆ្លងកាត់បន្ទាត់ព្រំដែន ដែលនេះបញ្ហាដែលខាងវរការពារព្រំដែន រួមនិងអាជ្ញាធរស្រុកជាប់ព្រំដែនត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ទាំងខ្មែរ និងភ្ញៀវទេសចរណ៍បរទេស ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវ វាស់កម្ដៅ លាងសំអាតដៃជាមួយអាល់កុល ទាំងចេញ និងចូល ព្រមទាំងត្រូវបាញ់ថ្នាំលើរថយន្តដើម្បីសំលាប់មេរោគ ហើយបើសិនខាងមន្រ្តីជំនាញមន្ទីសុខាភិបាលខេត្ត ពិនិត្យឃើញមានភ្ញៀវទេសចរណ៍ ណាម្នាក់មានអាការៈខុសប្រក្រតីត្រូវ បញ្ជូនគាត់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កផងដែរ៕






 

No comments:

Post a Comment

Pages