រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសម្ពោធដាក់អោយប្រើជាផ្លូវការនូវអគារសិក្សាចំនួន ០២ខ្នងស្មើនឹង១២បន្ទប់ ជាអំណោយរបស់អង្គការដៃគូ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, February 22, 2021

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសម្ពោធដាក់អោយប្រើជាផ្លូវការនូវអគារសិក្សាចំនួន ០២ខ្នងស្មើនឹង១២បន្ទប់ ជាអំណោយរបស់អង្គការដៃគូ

ខេត្តរតនគិរី៖ អគារសិក្សាចំនួន ០២ខ្នងស្មើនឹង១២បន្ទប់ គឺនៅសាលាបឋមសិក្សាគ្រៀង ០១ខ្នង ០៦ បន្ទប់ រួមជាមួយសយនដ្ឋានគ្រូ០២បន្ទប់ ក្នុងស្រុកបរកែវ និងអនុវិទ្យាល័យប៊ូថង ខាំភៀន យ៉ាកប៉ូយ ០១ខ្នង មាន០៦បន្ទប់ក្នុងស្រុកអូរជុំ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់រួមគ្នានាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងឃុំប៉ូយ ស្រុកអូរជុំ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។ 


លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានលើកឡើងថាអគារសិក្សា ២ខ្នង ស្មើនឹង១២បន្ទប់ និងអគារសយនដ្ឋានគ្រូ ០២បន្ទប់ សម្រាប់សាលាបឋមសិក្សាគ្រៀងស្រុកបរកែវ និងអនុវិទ្យាល័យប៊ូថង ខាំភៀន យ៉ាក់ប៉ូយ ក្នុងស្រុកអូរជុំ ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិនៅកម្ពុជា។ 


ជួសមុខឱ្យថ្នាក់ដឹកនាំអប់រំតាមឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកប្រធានមន្ទីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ និងសូមសន្យាថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង។


លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា សមិទ្ធិផលសំខាន់ៗថ្មីៗដែលអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅខេត្តរតនគីរីរួមមាន សំណង់អាគារសិក្សាថ្មីចំនួន ៩ កន្លែងដែលមាន ៤៣ បន្ទប់រៀន និងបំពាក់ដោយបរិក្ខារសម្ភារៈអនាម័យ។ បានវិនិយោគលើការ កែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅតាម សាលារៀនដែល ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស ២.៩៩៩នាក់ (ក្មេងស្រី ១.០៧៥នាក់) និង រាប់ពាន់នាក់ ទៀតនាពេលអនាគត។


មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ថង សាវុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការភ្លែនអន្តរជាតិនៅកម្ពុជា បានផ្តល់មូលនិធិសាងសង់ អគារសិក្សាដ៏រឹងមាំនិងសម្តែងនូវក្តីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី នៃរដ្ឋបាលស្រុកទាំងពីរ គណៈកម្មការសាងសង់សាលា

រៀន ដែលខិតខំសម្របសម្រួលជាមួយដៃគូដើម្បី ធ្វើឱ្យសមិទ្ធផលនេះលេចរូបរាងឡើង។ ឯកឧត្តម អភិបាលខេត្ត

បានចាត់ទុកសកម្មភាពសហប្រតិបត្តិការនេះ ពិតបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល លើការកែទម្រង់ជាតិ ពិសេសកំណែទម្រង់ស៊ីជម្រៅ លើវិស័យ អប់រំ យុវជន និងកីឡា ក្នុងគោលដៅដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់កម្ពុជា។


ឯកឧត្តម ថង សាវុន សង្កត់ធ្ងន់ថាទោះបីជា ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អគារសិក្សាដែលបំពាក់សម្ភារ រូបវ័ន្ត ជាច្រើនក៏មិនគ្រប់គ្រាន់នោះដែរ ដូច្នេះដើម្បីបំពេញតម្រូវការទាំងនោះទាមទារការចូលរួមពី អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សប្បុរសជននានា។ ជាក់ស្តែងកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អគារសិក្សា ចំនួន២៩ខ្នង ស្មើ១៦៤បន្ទប់ និង ដំណើរទស្សនកិច្ចសម្តេចបានមកបំពេញទស្សនកិច្ចនៅរតនគិរី បានផ្តល់នូវសំណង់អគារមធ្យមសិក្សានិងបឋមសិក្សា ចំនួន១៨ខ្នង ស្មើ១២៥បន្ទប់ថែមទៀត។


ហើយនេះតាមរយៈអង្គការភ្លែន អន្តរជាតិនៅកម្ពុជាបានផ្តល់នូវអគារសិក្សា ០២ខ្នង មាន១២បន្ទប់ បន្ថែមទៀតនិងអគារសយនដ្ឋានគ្រូ០២បន្ទប់ ដើម្បីដោះស្រាយសំណូមពរសិក្សារៀនសូត្ររបស់សិស្សានុសិស្សក្នុងសហគមន៍ជួបការលំបាក និងឆ្ងាយពីទីប្រជុំជនមួយនេះ។ ហើយសង្ឃឹមថាតាមរយៈអង្គការភ្លែន រួមជាមួយសប្បុរសជននានា នឹងពិចារណាលើការគាំទ្របន្តផ្តល់អគារសិក្សា និងសម្ភារៈរូបវ័ន្តផ្សេងៗបន្ថែមទៀត ដើម្បីដោះស្រាយទៅនឹងសំណូមពររៀនសូត្ររបស់សិស្សានុសិស្សដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងជួបការលំបាកក្នុងខេត្តទាំងមូលដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិនៃការអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅទី៤នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕






 

No comments:

Post a Comment

Pages