សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, February 2, 2021

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវ និងណែនាំដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងស្មើភាព។


ក្នុងកម្មពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត បង្កើនវិធានការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងារងាររបស់ គ.ស.ច.គ. ឲ្យកាន់តែម៉ឺងម៉ាត់ ដាច់ខាត ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឲ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។


សម្ដេចក្រឡាហោម បន្ដថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឲ្យបានទូលំទូលាយ ដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ជាមួយនេះ ត្រូវបង្កើនការផ្សព្វផ្សាយជូនសាធារណជនជ្រាបអំពីលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស ការអំពាវនាវឲ្យចូលរួមគោរពច្បាប់ ការបំភ្លឺបកស្រាយសំណូមពររបស់មហាជន និងការវាយបកបន្សាបឥទ្ធិពលនៃការផ្សាយព័ត៌មានមិនពិតឲ្យបានទាន់ពេលវេលា។


ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា មន្ត្រីដឹកនាំអគ្គលេខាធិការដ្ឋាន និងអនុគណៈកម្មការទី២ ត្រូវចុះតាមរាជធានី-ខេត្ត ដើម្បីជួយជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យមានវឌ្ឍនភាព។ សម្ដេចក្រឡហោម ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ៕

 

No comments:

Post a Comment

Pages