បង្ហាញមុខជនល្មើស ៨នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់ និងឆក់កាបូប នៅកំពង់ឆ្នំាង - SPN NEWS

ព័ត៌មានថ្មីៗ

Friday, March 24, 2023

បង្ហាញមុខជនល្មើស ៨នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់ និងឆក់កាបូប នៅកំពង់ឆ្នំាង

(កំពង់ឆ្នាំង)៖  នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញមុខជនល្មើសចំនួន៨នាក់ ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា គឺឃាតកម្មកាប់សម្លាប់មនុស្ស២ករណី ឆក់កាបូបពេលយប់១ករណី រួចបានបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីទី១ កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ដែលជនល្មើសមានគ្នាចំនួន១០នាក់ បានប្រើប្រាស់កាំបិត៣ និងពូថៅ១ ស្ទាក់កាប់ជនរងគ្រោះ២នាក់ ជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកពីមើលខនសឺត លុះជិះម៉ូតូដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ករណីនេះកើតឡើងនៅថ្ងៃទី២១-២២ ខែមីនា សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនល្មើសបាន៦នាក់ ក្នុងចំណោមបក្សពួក១០នាក់។ ពួកគេបានសារភាពថា ការកាប់ប្រហារខាងលើនេះ ពុំមានគំនុំអ្វីឡើយ គឺកាប់សម្លាប់ដើម្បីជាការកាត់សាញ។

ករណីទី២ នៅម៉ោង ១២៖៣០នាទីយប់ថ្ងៃទី២០ ខែមីនា មានករណីឆក់កាបូបនារីឈ្មោះ ឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅចំណុចមុខខ្លោងទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង។ ករណីនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់បានជនល្មើសម្នាក់ឈ្មោះ ធន ចាន់ឌឿន មានទីលំនៅភូមិត្រពាំងគរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដោយបានដកហូតវត្ថុតាង ទូរស័ព្ទ១គ្រឿង និងលុយ១០ម៉ឺនរៀលដោយបាន ប្រគល់ ជូននារីរងគ្រោះវិញផងដែរ។

ករណីទី៣ ឃាតកម្មចាក់កាប់សម្លាប់ប្លន់យកម៉ូតូ និងទូរសព្ទ២គ្រឿង បានកើតហេតុនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ នុត សារឿន អាយុ៥២ឆ្នាំ ពិការជើងត្រូវជនល្មើសចាក់ និងកាប់ចំនួន១៥កាំបិត ស្លាប់នៅលើផ្ទះ។

ករណីនេះនគរបាលខេត្ត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ជនល្មើសឈ្មោះ វុន រិទ្ធ មានទីលំនៅភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២២ ខែមីនា នៅខេត្តកំពង់ស្ពឺ ដោយដកហូតបាន ម៉ូតូមួយគ្រឿង និងទូរសព្ទ២គ្រឿងរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះដំបូងឡើយជនល្មើសត្រូវបានម្ដាយយកទៅផ្ញើឱ្យរៀនសូត្រជាមួយព្រះសង្ឃនៅភ្នំជំរាយ ខេត្តកំពង់ស្ពឺ។ តែក្រោយមកគេបានចាកចេញពីវត្តលោក មកសុំព្រះសង្ឃនៅវត្តមួយផ្សេង១ទៀត នៅក្នុងស្រុកសាមគ្គីមានជ័យ តែព្រះសង្ឃមិនស្គាល់ច្បាស់ លោកក៏មិអនុញ្ញាតឲ្យស្នាក់នៅ។

រូបគេក៏បានហៅម៉ូតូឌុប១គ្រឿងជិះទៅផ្ទះ តែដោយសារជនរងគ្រោះពីការជើងផង ហើយពេលយប់ទៀតជនរងគ្រោះក៏បានឃាត់ឱ្យជនល្មើសឲ្យសម្រាកនៅនឹងផ្ទះខ្លួនមួយយប់ ដោយរង់ចាំព្រឹកឡើងរូបគាត់នឹងជូនជនល្មើសទៅផ្ទះ ពេលនោះជនរងគ្រោះក៏បានរៀបចំម្ហូបអាហារឲ្យជនល្មើសហូប និងបានស្នាក់នៅផ្ទះរបស់ខ្លួនផងដែរ។

បន្ទាប់ពីហូបបាយ និងស៊ីផឹកជាមួយគ្នាមានចំនួន៣នាក់ លុះយប់ឡើងជនល្មើសក៏ធ្វើសកម្មភាពយកកាំបិតត្នោតចាក់កាប់ទៅលើជនរង គ្រោះជាម្ចាស់ផ្ទះ កំពុងដេកលង់លក់លើផ្ទះចំនួន១៥កាំបិតបណ្ដាលឱ្យស្លាប់ រួចហើយជនល្មើសក៏ប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទ២គ្រឿង រត់គេចខ្លួនទាំងយប់តែម្តង ករណីនេះក្រោយពីឃាត់ខ្លួនបានត្រូវសមត្ថកិច្ចចោទពីបទឃាតកម្មសម្លាប់ប្លន់យកទ្រព្យសម្បត្តិ។

ជនល្មើសទាំង៨នាក់ ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នាខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ដើម្បីចំណាត់ការតាមនិតិវិធីច្បាប់។

លោកស្នងការរងបានសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់អំពីសន្តិសុខរបស់បងប្អូន ពិសេសត្រូវមានការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅពេលយប់ បើមានករណីណាមួយកើតឡើងចំពោះ របស់បងប្អូន ត្រូវតែប្រញាប់ទំនាក់ទំនង និងរាយការណ៍ទៅសមត្ថកិច្ចដែលនៅក្នុងមូលដ្ឋានរបស់បងប្អូនឲ្យបានទាន់ពេលវេលា៕





 

No comments:

Post a Comment

Pages