មណ្ឌលគិរី៖ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តមណ្ឌល គិរីបានឃាត់ខ្លួនស្ត្រីម្នាក់នៅថ្ងៃទី ២៣ មីនា ឆ្នំា២០២៣នេះ ពីបទរំលោភសេចក្ដីទុកចិត្ត និងឆបោកប្រាក់អ្នក ដទៃចំនួន៣ពាន់ដុល្លារ។
ស្ត្រីជាជនសង្ស័យឈ្មោះ ធី ស៊ីណា អាយុ៣៤ឆ្នាំ មុខរបរបញ្ចូលហ្គាស់ រស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមនុស្សគិរី រងការចោទថា បានខ្ចីប្រាក់ពីស្ត្រីម្នាក់ឈ្មោះ ចិន ស្រីមុំ អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន៣ពាន់ដុល្លារ ហើយបានប្រើល្បិចគេចវេសក្នុងចេតនាទុច្ចរិតពុំព្រមសងប្រាក់ដល់ម្ចាស់បំណុល ។
យោងតាមពាក្យបណ្ដឹងមួយច្បាប់ឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ធី ស៊ីណា បានប្រើល្បិចហៅឈ្មោះ ចិន ស្រីមុំ ទៅផ្ទះរបស់ខ្លួនហើយបានលួងលោមខ្ចីប្រាក់ចំនួន៣ពាន់ដុល្លារ តែ៤-៥ ថ្ងៃប៉ុណ្ណោះ ដោយត្អូញត្អែរថា ម្ចាស់ ហ្គាស់មិនដាក់ហ្គាស់ឲ្យលក់ព្រោះគ្មានលុយសងគេ ។ ដោយក្ដីអាណិតជនរងគ្រោះក៍ហុចទូរសព្ទឲ្យជនសង្ស័យដកលុយពីគណនីរបស់ខ្លួនយកទៅប្រើប្រាស់ដោយពុំបានគិតពីការប្រាក់នោះទេ ។
តែដល់កាលកំណត់ជនសង្ស័យពុំបានបាញ់ប្រាក់ឲ្យជនរងគ្រោះដូចការសន្យាឡើយ ដោយសុំលើកពេលម្ដងហើយម្ដងទៀតបើទោះបីជនរងគ្រោះបានប្រាប់ពីតម្រូវ ការចាំបាច់យកលុយទៅបង់ថ្លៃសាលាកូនក្ដី។ ហើយអ្វីដែលអាក្រក់បំផុតនោះ ពេលដែលជនរងគ្រោះផុសទារលុយតាម facebook បែរជាជនសង្ស័យតបថា ខ្លួនពុំបានខ្ចីទេ ។ ឥរិយាបថបែបនេះធ្វើឲ្យជនរងគ្រោះយល់ ថា ជាចេតនាទុច្ចរិតក្នុងសំណុំរឿង រំលោភទំនុកចិត្តនិងឆបោក ហើយក៏បានសម្រេចចិត្តចុងក្រោយប្ដឹងទៅសមត្ថកិច្ចឲ្យចាត់វិធានការផ្លូវច្បាប់តែម្ដង។
សមត្ថកិច្ចបញ្ជូនស្ត្រីជាជនសង្ស័យទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃព្រហស្បតិ៍នេះហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
No comments:
Post a Comment