សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ - SPN NEWS

ព័ត៌មានថ្មីៗ

Tuesday, January 30, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០


មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ផ្តោតលើចក្ខុវិស័យដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលដឹកនាំដោយ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមរៀបចំនូវការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១លាន ៥សែននាក់ ដែលគោលនយោបាយនេះ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ដោយមើលឃើញនូវតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង ដើម្បីរួមគ្នាជាមួយរដ្ឋាភិបាល សម្រេចឱ្យបាននូវមហិច្ចតាជាប្រទេសអ្នកមានរបស់កម្ពុជា នៅឆ្នាំ២០៥០ ។

ផ្អែកលើតម្រូវការកម្លាំងពលកម្មជំនាញនៅក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបី ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារ តាមជំនាញដែលខ្លួនមាន ដូចជា៖
- វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១កន្លែង 
- វិស័យកសិកម្ម ចំនួន ១០ ៨៨៦កន្លែង 
- វិស័យសេវាកម្ម ចំនួន ៤ ០៥៦កន្លែង ។

យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គ TVET 1.5M សូមធ្វើការទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់ព័ត៌មានបន្ថែម ជាពិសេស អាចមានឱកាសក្នុងការចាប់យកចំណេះជំនាញការងារដែលជាសេចក្តីត្រូវការក្នុងការអភិវឌ្ឍខ្លួន ដើម្បីសម្រួចខ្លួនឱ្យកាន់តែប្រសើរ និងជាកាតាលីករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល ៕










No comments:

Post a Comment

Pages