ទំនប់អូរតេធិបតី ជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ ក្នុងខេត្តមណ្ឌលគិរី - SPN NEWS

ព័ត៌មានថ្មីៗ

Saturday, October 26, 2024

ទំនប់អូរតេធិបតី ជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ ក្នុងខេត្តមណ្ឌលគិរី

ទំនប់អូរតេធិបតី គឺជាទំនប់ស្ទាក់ទឹកបេតុងប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។


តាមបណ្តាញសង្គមតេលេក្រាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៥ ខែហុលានេះ បានឱ្យដឹងថា ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។


ទំនប់អូរតេធិបតីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។


សូមបញ្ជាក់ជូនថា ទំនប់ស្ទាក់ទឹកបេតុងខាងលើ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។


គួរជម្រាបជូនថា ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។


គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕ 





 

No comments:

Post a Comment

Pages