ខេត្តប៉ៃលិន ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ - SPN NEWS

ព័ត៌មានថ្មីៗ

Monday, October 28, 2024

ខេត្តប៉ៃលិន ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានប្រារព្វពិធីថ្វាយព្រះពរបរវមហាប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជន, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអភិបាលក្រុង/ស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យខេត្ត ។

នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានេះរដ្ឋបាលខេត្តប៉ៃលិន បានធ្វើកិច្ចតាមបែបព្រះពុទ្ធសាសនា និងរបាំថ្វាយព្រះពរបរវមហាប្រសើរដល់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអាននូវសាលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងឱកាសខួបលើកទី២០ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឈានចូលមកដល់នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងសព្វព្រះរាជទ័យយកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមបម្រើមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនាជូនប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនរើសអើង និងមិនលំអៀង។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ទ្រង់ព្រះមេត្តាប្រោសទទួល នូវគារវកិច្ចដ៏ខ្ពស់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕





 

No comments:

Post a Comment

Pages