(ខេត្តបាត់ដំបង)មន្ត្រីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញខ្លួនជនសង្ស័យ ០៣នាក់ ក្រោយពីបានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងស្នងការនគរបាលខេត្តកណ្តាល កម្លាំងស្នងការនគរបាលខេត្តប៉ៃលិន និងកម្លាំងអធិការតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ឃាត់ខ្លួនពាក់ព័ន្ធទៅនិងមុខសញ្ញាគាស់ផ្ទះលួចយកទ្រព្យសម្បត្តិយ៉ាងសកម្ម។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទី២-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ /ទី៣-ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយវត្ថុតាង,រថយន្តម៉ាកTOYOTA CAMRY ០១គ្រឿង ,តួណីវីស ចំនួន២ ,និងកាំបិត០១ផងដែរ ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានធ្វើសកម្មភាព ចូលទៅគាស់បង្អួចផ្ទះ ផ្លោះចូលទៅលួចយកទ្រព្យសម្បត្តិជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិចំនួន ០៦លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣លើក ខេត្តប៉ៃលិនចំនួន ០២លើក និងក្នុងខេត្តកណ្តាលចំនួន ០១លើក៕
No comments:
Post a Comment