ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល ចុះពិនិត្យ និងជំរុញការងារផលិតភាពកសិកម្ម និងធុរៈកិច្ចកសិកម្ម នៅស្រុកកៀនស្វាយ - SPN NEWS

ព័ត៌មានថ្មីៗ

Thursday, August 6, 2020

ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល ចុះពិនិត្យ និងជំរុញការងារផលិតភាពកសិកម្ម និងធុរៈកិច្ចកសិកម្ម នៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់ កសិដ្ឋានចិញ្ចឹមត្រី កសិករដាំបន្លែ និងកសិករដាំដំណាំស្រូវ ត្រូវបន្តខិតខំប្រឹងប្រែងពង្រីក និងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ដែលកិច្ចការនេះមន្ត្រីកសិកម្មគ្រប់ថ្នាក់មានតួនាទីសំខាន់ណាស់ ត្រូវតែចុះជាប់ជាមួយប្រជាកសិករ ត្រូវផ្ដល់បច្ចេកទេស និងដំណោះស្រាយនានានៅពេលដែលពួកគាត់ជួបបញ្ហា។

ថ្លែងទៅកាន់ប្រជាកសិករ នាព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តមអភិបាលរងខេត្តបានជម្រាបជូនបងប្អូនប្រជាកសិករ ក្នុងឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ថា ការចុះមកនេះគឺដើម្បីពិនិត្យ និងស្វែងយល់ពីការធ្វើស្រែចំការរបស់បងប្អូន យកទៅធ្វើជាមូលដ្ឋានគិតគូរថាតើអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលត្រូវជួយអ្វីខ្លះបន្ថែមទៀតដល់បងប្អូនដើម្បីទទួលបានជោគជ័យក្នុងការប្រកបមុខរបរស្រែចំការនេះ។

ឯកឧត្តមបន្តថា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករ និងបានខិតខំទាក់ទងជាមួយដៃគូរអភិវឌ្ឍនានាជួយផ្តល់នូវធនធានបច្ចេកទេស និងថវិកាដល់ប្រជាកសិករយើង។

ឯកឧត្តមអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ប្រជាកសិករត្រូវខិតខំតាមដានព័ត៌មាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ព្រោះជាជំនួយបន្ថែមទៀតដែលធ្វើឱ្យការប្រកបរបរស្រែចំការរបស់បងប្អូនទទួលបានជោគជ័យ ដោយឡែកអាជ្ញាធរខេត្តនឹងខិតខំផ្សព្វផ្សាយ និងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់បងប្អូន។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែ និងទីតាំងចិញ្ចឹមត្រីរួចមក ឯកឧត្តមបានសាទរចំពោះជោគជ័យដែលបងប្អូនប្រជាកសិករ ទទួលបាននាពេលនេះ  ឯកឧត្តមបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយគឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ។ ដោយឡែក អាជីវកម្មធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារប្រើ ប្រាស់) ក៏បានរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ងាយស្រួល ចំណេញពេល និងពលកម្ម។ល។

ជាចុងក្រោយឯកឧត្តមអភិបាលរងខេត្តក៏បានជម្រុញឱ្យប្រជាពលរដ្ឋខិតខំដាំដំណាំរួមផ្សំដែលគ្មានជាតិគីមីនេះពីព្រោះវា និងជួយបង្កើនចំណូលរបស់បងប្អូន ហើយក៏ចូលរួមក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។




No comments:

Post a Comment

Pages