អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប - SPN NEWS

ព័ត៌មានថ្មីៗ

Friday, October 2, 2020

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការកំណត់នូវផលប៉ះពាល់ចំពោះសំណង់នានាដែលបានសាងសង់លើគន្លងផ្លូវ ឬចំណីផ្លូវ ក្នុងការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីគណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មានការពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ និង សមាជិកក្រុមការងារវាស់វែងកំណត់អ័ក្សផ្លូវផងដែរ។ 


ឆ្លងតាមសេចក្តីរាយការណ៍របស់ក្រុមការងាររដ្ឋបាលខេត្តទាំង០៦ក្រុម ដើម្បីចុះវាស់វែង និង រុះរើសំណង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ បានបញ្ជាក់ពីលទ្ធផលនៃផលប៉ះពាល់ការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០១ខែតុលា ឆ្នាំ២០២០ មានផលប៉ះពាល់នូវសំណង់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមការងាររដ្ឋបាលខេត្ត បានលើកពីបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ បានចូលរួមសហការ និង បានធ្វើការរុះរើជាបន្តបន្ទាប់ផងដែរ។


ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ដល់មន្ទីរសាធារណការ និង មន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញនូវបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើមី្បឲ្យក្រុមការងារចុះអនុវត្តលើគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ មានភាពរលូនទាំងប្រជាពលរដ្ឋនិងក្រុមការងារ ។ ក្នុងនោះដែរឯកឧត្តមបានសុំឲ្យមន្ទីរព័ត៌មានខេត្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ អំពីសកម្មភាពនៃការសហការរបស់អ្នករំលោភលើគន្លងផ្លូវ ឬចំណីផ្លូវ ជាមួយក្រុមការងារអន្តរក្រសួងក្នុងការរុះរើសំណង់ប៉ះពាល់ ដើមី្បធ្វើឲ្យគម្រោងស្ថាបនាផ្លូវទាំង៣៨ក្នុងក្រុងសៀមរាបដំណើរការទៅដោយរលូនជោគជ័យ។ 


ឯកឧត្តមក៏បានឲ្យក្រុមការងារ បន្តចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការសម្របសម្រួល និងក្តាប់បាននូវសំណូមពររបស់ប្រជាពលរដ្ឋ រហូតដល់ថ្ងៃបញ្ចប់ឱសានុវាទ នាថ្ងៃទី០៧ ខែតុលានេះ ហើយឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមសហការជាមួយគណៈកម្មការអន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការរុះរើបានទាន់ពេលវេលា ទោះបីក្នុងដំណាក់កាលនេះយើងខ្វះខាតជាងសំណង់ក៏ដោយ ក៏បងប្អូនបានខិតខំ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវក្នុងក្រុងសៀមរាបឲ្យក្លាយជាទីក្រុងស្រស់ស្អាតប្រកបដោយបរិស្ថានល្អបរិសុទ្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់កូវិដនេះទៅ៕







 

No comments:

Post a Comment

Pages