ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវអំណោយ ដោយមានការជួយឧបត្ថម្ភពីបុរី សុវណ្ណភូមិ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់រការខ្ពស់ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន៥០០ គ្រួសារ ដែលបានរៀបចំនៅវត្តឈូងលាភ ក្នុងសង្កាត់រការខ្ពស់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី និងអាជ្ញាធរក្រុងផងដែរ។
មានប្រសាសន៍នាកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរ ចំពោះទឹកចិត្តដ៏សប្បុរស របស់បុរី សុវណ្ណភូមិ និងសហការី ដែលបានលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកណ្ដាលនាការនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យាមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗ លេងទឹកឡើយ ដែលអាចបណ្ដាលឱ្យបាត់បង់សមាជិកក្នុងគ្រួសារដោយ ការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាល មានស្រុក២ និងក្រុង១ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ។
អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន៖ អង្ករ ២០ គីឡូក្រាម មី ១៥ កញ្ចប់ ត្រីខ ៤ កំប៉ុង ទឹកស៊ីអ៊ីវ ១ ដប ទឹកត្រី ១ ដប និងថវិកា ៤ ម៉ឺនរៀល។
No comments:
Post a Comment