ការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្ត្រី គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់ដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់កិច្ចការពារ ជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយបរិយាប័ន្ន។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា ការងារទប់ស្កាត់ និងលុបបំបាត់អំពើហិង្សា គឺជាភារកិច្ច និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាដែលតម្រូវឱ្យអ្នកពាក់ព័ន្ធទាំង អស់ត្រូវធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ វិភាជន៍ធនធាន និងផ្តល់មធ្យោបាយគ្រប់គ្រាន់ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ រួមគ្នាឆ្លើយតប រួមគ្នាផ្តល់កិច្ចអន្តរាគមន៍ និងធ្វើសកម្មភាព ដើម្បីផ្តល់កិច្ចការពារជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងប្រកបដោយបរិយាប័ន្ន។ សម្ដេចក៏បានលើកឡើងថា ការងារនេះមិនអាចសម្រេចទៅបានដោយជោគជ័យតាមរយៈការ អនុវត្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដាច់ដោយឡែកបានទេ ហើយការងារនេះ ក៏មិនអាចសម្រេចទៅបានក្នុងរយៈពេលដ៏ខ្លីបានឡើយ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានអំពាវនាវដល់ប្រតិបត្តិករទាំងអស់ឲ្យបន្តគាំទ្រ និងរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការប្រែក្លាយឯកសារផែនការសកម្មភាពជាតិ ស្តីពីការទប់ ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៩-២០២៣ ឱ្យទៅជាសកម្មភាពជាក់ស្តែង និងអនុវត្តប្រកបដោយភាពជោគជ័យ សំដៅលុបបំបាត់អំពើហិង្សាលើស្រ្តី លើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាក្នុងសង្គម ដែលនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្រ្តី និងក្មេងស្រី ហើយពួកគេអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីរួមគ្នាពន្លឿនកិច្ចអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
ព្រមជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការឲ្យគ្នាទៅវិញទៅមក ផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដើម្បីទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តីនៅកម្ពុជា៕
No comments:
Post a Comment